(ភ្នំពេញ)៖ ហាងម៉ាស្សា Ganesh House នៅតែបន្តផ្តល់សេវាកម្មដល់អតិថិជន ទោះបីជារកឃើញថា បុគ្គលិករបស់ខ្លួនមួយចំនួន បានឆ្លងកូវីដ១៩ក៏ដោយ ហេតុនេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យបញ្ឈប់សកម្មភាពខាងលើជាបន្ទាន់។ នេះបើតាមលិខិតរបស់លោក ឃួង ស្រេង នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ផ្ញើទៅលោក នួន វី ម្ចាស់អាជីវកម្មម៉ាស្សា Ganesh House ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

អភិបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យហាងម៉ាស្សា Genesh House ដែលមានអាសយដ្ឋានផ្ទះ ២២z ផ្លូវលេខ ៤២០ ភូមិ៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន បញ្ឈប់ជាបន្ទាន់នូវការផ្តល់សេវាកម្មម៉ាស្សា ក្រោមរូបភាព និងមធ្យោបាយផ្សេងៗ ដែលផ្ទុយពីគោលការណ៍ណែនាំរបស់អាជ្ញាធរមូលដ្ឋាន និងវិធានការរបស់ក្រសួងសុខាភិបាល។

លិខិតរបស់អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា តាមការស្រាវជ្រាវក្នុងរយៈពេលកន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានរកឃើញបុគ្គលិករបស់អាជីវកម្មម៉ាស្សា Ganesh Hous ចំនួន៧នាក់ ក្នុងចំណោម៩នាក់ បានយកសំណាកជាប់ពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលមានលទ្ធផលតេស្តវិជ្ជមានជំងឺកូវីដ១៩។

ក្នុងនោះអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ បានចុះបិទទីតាំងខាងលើរួចរាល់ហើយ ប៉ុន្តែនៅតែបង្កលក្ខណៈដល់បុគ្គលិករបស់ខ្លួន ឱ្យបន្តអាជីវកម្មម៉ាស្សាជូនអតិថិជន តាមរយៈការណាត់ជួបនៅតាមទីតាំងខាងក្រៅផ្សេងទៀត ដោយប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ និងប្រព័ន្ធទំនាក់ទំនងសង្គមផ្សេងៗ ដែលនេះគឺជាទង្វើផ្ទុយពីវិធានការណែនាំ របស់ក្រសួងសុខាភិបាល និងអាចនាំទៅដល់ការចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍កាន់តែធ្ងន់ធ្ងរបន្ថែមទៀត។

លិខិតដែលផ្ញើទៅម្ចាស់អាជីវកម្មម៉ាស្សា Ganesh House បានបញ្ជាក់យ៉ាងដូច្នេះ៖ «រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំ និងក្រើនរំលឹក លោកត្រូវបញ្ឈប់ជាបន្ទាន់រាល់ការផ្តល់សេវាកម្មម៉ាស្សា ក្រោមរូបភាព និងមធ្យោបាយផ្សេងៗ ដែលផ្ទុយពីគោលការណ៍ណែនាំរបស់អាជ្ញាធរមូលដ្ឋាន និងវិធានការរបស់ក្រសួងសុខាភិបាល។ ទន្ទឹមនឹងនេះ លោកត្រូវផ្តល់កិច្ចសហការឱ្យបានល្អជាប់ជាប្រចាំជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីស្រាវជ្រាវប្រភពចម្លង និងបណ្តាញទំនាក់ទំនងដែលនាំឱ្យកើតមានករណីវិជ្ជមានក្នុងមូលដ្ឋានអាជីវកម្មរបស់ខ្លួន»

បើតាមអភិបាលរាជធានីភ្នំពេញ, ប្រសិនបើម្ចាស់ហាងខាងលើ នៅតែមិនអនុវត្តតាមការណែនាំខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ ស្របតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងអនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតផងដែរ៕

សូមជម្រាបថា កម្ពុជាកំពុងជួបប្រទះករណីឆ្លងកូវីដ១៩ យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន ជាព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៥៨៧នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៩១៧នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៦៥៨នាក់។ រហូតដល់ពេលនេះដែរ មានអ្នកជំងឺ ៣នាក់ហើយ បានស្លាប់ដោយសារជំងឺកូវីដ១៩ ខណៈមានអ្នកជំងឺកូវីដ១៩ ចំនួន២នាក់ បានស្លាប់ដោយសារជំងឺបេះដូង ពេលកំពុងសម្រាកព្យាបាល៕