(ភ្នំពេញ)៖ គណបក្សរួបរួមរុស្ស៉ី នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសបង្ហាញបំណងចង់ចែករំលែកវ៉ាក់សាំង Covid-19 ដល់បណ្តាប្រទេសក្រុមប្រឹក្សាវប្បធម៌អាស៉ី ដែលកម្ពុជាក៏ជាប្រទេសសមាជិកផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាវប្បធម៌អាស៉ី (ACC) ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។

បំណងរបស់គណបក្សរួបរួមរុស្ស៉ីខាងលើនេះ បានស្តែងឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៉ី (ACC) និងសន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៉ី (ICAPP) ដែលរៀបចំឡើងតាមប្រព័ន្ធអ៉ីនធឺណែត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។

សេចក្តីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាវប្បធម៌អាស៉ី បានបញ្ជាក់យ៉ាងដូច្នេះ៖ «ស្របពេលជាមួយគ្នានេះ លោក អង់ដ្រេ ឃ្លីម៉ុស នៃគណបក្សរួបរួមរុស្ស៉ី និងជាអនុប្រធានក្រុមប្រឹក្សាវប្បធម៌អាស៉ី បានបង្ហាញពីចេតនាចែករំលែកវ៉ាក់សាំង Covid-19 ចុងក្រោយរបស់រុស្ស៉ីដល់សមាជិកនៃក្រុមប្រឹក្សាវប្បធម៌អាស៉ី»

សូមបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍អាស៉ីលើកទី២ បានប្រារព្ធធ្វើឡើងនៅថ្ងៃនេះក្រោមប្រធានបទ «ការលើកកម្ពស់វប្បធម៌ និងនវានុវត្តន៍សម្រាប់វិបុលភាពរួមក្នុងអំឡុងពេល និងក្រោយកូវីដ-១៩»។ កិច្ចប្រជុំធ្វើឡើងក្រោមអធិបតីភាពរបស់ លោក ចូហ្សេ ដឺវេណេស្សា (Hon. Jose de Venecia) ប្រធានស្ថាបនិកអង្គការ ICAPP និងជាសហប្រធានស្ថាបនិក ACC និងលោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា អនុប្រធាន ICAPP និងជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៉ី ដោយមានការចូលរួមពីគណៈប្រតិភូជាន់ខ្ពស់នៅក្នុងទ្វីបអាស៉ី និងតំណាងគណបក្សនយោបាយសំខាន់ៗក្នុងក្របខណ្ឌ ICAPP រួមជាមួយអ្នកសង្កេតការណ៍មកពី ការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាគម្រោង (UNOPS) វិទ្យាស្ថានចក្ខុវិស័យអាស៉ី (AVI) និងស្ថាប័នដទៃទៀត។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានស្ថាបនិកកិត្តយសនៃក្រុមប្រឹក្សាវប្បធម៌អាស៉ី បានផ្ញើសារលិខិតសារអបអរសាទរចំពោះកិច្ចប្រជុំនេះ ដោយផ្តោតទៅលើការរួមគ្នាដើម្បីជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាអន្តរជាតិលើការអភិវឌ្ឍ និងនវានុវត្តន៍ដោយមានវប្បធម៌ជាចលករ ដើម្បីសម្រេចឱ្យបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។ លោក មោហាម៉ាត់ យូសូស កាឡា អតីតអនុប្រធានាធីបតីនៃសាធារណរដ្ឋឥណ្ឌូនេស៉ី និងលោក ខាកាប្រាសាដ សាម៉ា អូលី នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋនេប៉ាល់ ក៏បានផ្ញើរលិខិតអបអរសាទរផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ លោក សួស យ៉ារ៉ា អគ្គនាយកក្រុមប្រឹក្សាវប្បធម៌អាស៉ី បានរាយការណ៍ជូនអង្គប្រជុំអំពីសមិទ្ធិផលនានានៃក្រុមប្រឹក្សាវប្បធម៌អាស៉ី បន្ទាប់ពីបានរៀបចំកិច្ចប្រជុំលើកទីមួយ របស់ក្រុមប្រឹក្សាវប្បធម៌អាស៉ី នៅលើទឹកដីសៀមរាបអង្គរ ប្រកបដោយជោគជ័យ ក្រោមអធិបតីភាពរបស់ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ កន្លងទៅ។

អង្គការយូណេស្កូ បានទទួលស្គាល់ថា «ក្រុមប្រឹក្សាវប្បធម៌អាស៉ី» ជាដៃគូសហប្រតិបត្តិការដ៏ល្អមួយលើកិច្ចការវប្បធម៌ ហើយអង្គការទាំងពីរ បានសហការគ្នាស្រាវជ្រាវអំពីគោលនយោបាយវប្បធម៌នៅអាស៉ី ដើម្បីផ្តល់ទិន្នន័យនៃការស្រាវជ្រាវនេះ សម្រាប់កិច្ចប្រជុំវេទិការដ្ឋមន្រ្តីវប្បធម៌លើកទី១៩ នៅទីក្រុងប៉ារីស កាលពីឆ្នាំ ២០១៩។ អង្គការយូណេស្កូ បានទទួលស្គាល់ក្រុមប្រឹក្សាវប្បធម៌អាស៉ីថា ជាអង្គការវប្បធម៌ក្នុងតំបន់ដំបូងគេ ដែលបាន និងកំពុងជម្រុញកិច្ចសហប្រតិបត្តិការអន្តរជាតិតាមរយៈវប្បធម៌។

លើសពីនេះ ក្រុមប្រឹក្សាវប្បធម៌អាស៉ីបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាចំនួនពីរ ជាមួយនឹងរដ្ឋបាលខេត្តឃ្យុងសាងប៊ុគដូ និងអង្គការទីក្រុងបេតិកភណ្ឌពិភពលោក ស្តីពីកិច្ចសហប្រតិបត្តិការវប្បធម៌។ ក្រុមប្រឹក្សាវប្បធម៌អាស៉ី បាននិងកំពុងអនុវត្តន៍គម្រោងភូមិតេជោគំរូ១០០ ដើម្បីលើកកម្ពស់វប្បធម៌សន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព ការតភ្ជាប់មនុស្សជាតិ និងនវានុវត្តន៍។ គម្រោងនេះត្រូវបានធនាគារអភិវឌ្ឍន៍អាស៉ីផ្តល់ហិរញ្ញប្បទាន ដើម្បីអនុវត្តជំហ៊ានសាកល្បងនៅក្នុងភូមិចំនួនពីរនៅកម្ពុជាក្នុងរយៈពេល ៤ ឆ្នាំ ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ ។

ក្រោយពីមានការពិភាក្សាយ៉ាងក្បោះក្បាយទៅលើប្រធានបទវប្បធម៌ និងនវានុវត្តន៍សម្រាប់វិបុលភាពរួមក្នុងអំឡុងពេល និងក្រោយកូវីដ-១៩ ដោយមានការធ្វើបទបង្ហាញពីអ្នកជំនាញ កិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌លើកទី ២ បានអនុម័តជាឯកច្ឆន្ទនូវសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ដែលបានសង្កត់ធ្ងន់ទៅលើចំណុចសំខាន់ៗដូចជា៖

១៖ ការប្តេជ្ញារបស់ក្រុមប្រឹក្សាវប្បធម៌អាស៉ីក្នុងការកៀរគរធនធាន ដើម្បីបង្កើនភាពសម្បូរបែបនៃវប្បធម៌ធ្វើជាចលករ ដើម្បីកសាងសេដ្ឋកិច្ចឡើងវិញឱ្យកាន់តែរឹងមាំ ក្រោយការរីករាលដាលនៃជំងឺកូវីដ១៩។

២៖ ការទទួលស្គាល់នូវភាពចាំបាច់ដើម្បីជំរុញការវិនិយោគបន្ថែមទៀតទៅលើការច្នៃប្រឌិត និងការអភិវឌ្ឍដែលជំរុញដោយវប្បធម៌ រួមទាំងកិច្ចសហការអន្តរជាតិដើម្បីជម្រុញវិស័យច្នៃប្រឌិតវប្បធម៌ដើម្បីភាពរុងរឿងរួមគ្នា។

៣៖ កិច្ចសហប្រតិបត្តិការក្នុងការប្រារព្ធព្រឹត្តិការណ៍វប្បធម៌ជាសាធារណៈ តាមរយៈប្រព័ន្ធអ៉ីនធឺណែត ឬការជួបគ្នាដោយផ្ទាល់ ដោយផ្តោតលើគំនិតផ្តួចផ្តើមវប្បធម៌ រួមមានការរត់ម៉ារ៉ាតុងវប្បធម៌ គំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយ គម្រោងផ្លូវសូត្ររបស់អង្គការយូណេស្កូ និងគម្រោងដទៃទៀតក្នុងចំណោមប្រទេសជាសមាជិក ដើម្បីលើកកម្ពស់សន្តិភាពយូរអង្វែង ភាពសុខដុម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ជាចុងបញ្ចប់ កិច្ចប្រជុំបានបានសម្តែងនូវការកោតសរសើរចំពោះលេខាធិការដ្ឋាន ICAPP និងACC ដែលបានរៀបចំកិច្ចប្រជុំ ACC លើកទី២ ប្រកបដោយជោគជ័យ។
កិច្ចប្រជុំបានលើកទឹកចិត្តឱ្យក្រុមប្រឹក្សាវប្បធម៌អាស៉ី ធ្វើការឱ្យកាន់តែជិតស្និទ្ធជាមួយលេខាធិការដ្ឋាន ICAPP សមាជិក ICAPP ក្រុមបញ្ញាវ័ន្ត អង្គការអន្តរជាតិ អង្គការសង្គមស៉ីវិល សាជីវកម្មឯកជន ដើម្បីអនុវត្តនូវការប្តេជ្ញាចិត្តដែលបានរៀបរាប់ខាងលើ និងស្វែងរកគម្រោងប្រកបដោយនវានុវត្តន៍ នានាដូចជាគម្រោង ភូមិតេជោគំរូ១០០ ដើម្បីសម្រេចបាននូវកំណើនបៃតង ការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន និងវិបុលភាពរួមគ្នាសម្រាប់មនុស្សជាតិ៕