(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា អនុប្រធាន ICAPP និងជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី ជាមួយនឹងលោក ចូហ្សេ ដឺវេណេស្សា (Hon. Jose de Venecia) ប្រធានស្ថាបនិកអង្គការ ICAPP និងជាសហប្រធានស្ថាបនិក ACC និងលោក ចូរប៉ីយ៉ុងចេ (Hon. Cho-byuong Jae) អគ្គលេខាធិការ ICAPP បានបើកកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី២ ក្រោមប្រធានបទស្តីពី «ការលើកកម្ពស់វប្បធម៌ និងនវានុវត្តន៍ដើម្បីវិបុលភាពរួមក្នុងអំឡុងពេល និងក្រោយកូវីដ-១៩» នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំតាមប្រព័ន្ធវីដេអូនេះ មានការអញ្ជើញចូលរួមពីសំណាក់លោក សួស យ៉ារ៉ា សមាជិករដ្ឋសភា អនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងជាអគ្គនាយក ACC។

សូមជម្រាបផងដែរថា ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់លើផ្នែកវប្បធម៌នេះ មានគោលបំណងប្រមូលផ្តុំនូវអ្នកជំនាញវប្បធម៌ ថ្នាក់ដឹកនាំគំនិត និងអ្នកធ្វើគោលនយោបាយ នៅក្នុងតំបន់ ដើម្បីចែករំលែកទស្សនវិស័យ និងស្វែងរកដំណោះស្រាយជាក់ស្តែងលើប្រធានបទសំខាន់ៗចំនួនពីររួមមាន៖

*ទី១៖ ការវិនិយោគលើវប្បធម៌ និងភាពច្នៃប្រឌិត ដើម្បីកំណើនប្រកបដោយបរិយាប័ន្ន

*និងទី២៖ ការលើកកម្ពស់ភាពប្រទាក់ក្រឡាគ្នារវាងវប្បធម៌-នវានុវត្តន៍។

សេចក្តីប្រកាសទីក្រុងភ្នំពេញ (Phnom Penh Declaration) ស្តីពី «កិច្ចសហប្រតិបត្តិការវប្បធម៌ និងនវានុវត្តន៍ ដើម្បីវិបុលភាពរួមក្នុងអំឡុងពេល និងក្រោយកូវីដ-១៩» នឹងត្រូវបានអនុម័តក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះ។

គួររំលឹកផងដែរថា កិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ដែលជាស្ថាប័នបុត្រសម្ព័ន្ធរបស់ ICAPP បានប្រារព្ធធ្វើឡើងជាលើកដំបូងកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ កន្លងទៅ នៅលើទឹកដីសៀមរាបអង្គរ ដែលជាជង្រុកវប្បធម៌ និងប្រាង្គប្រាសាទដ៏ល្បីល្បាញរបស់កម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានស្ថាបនិកកិត្តិយសក្រុមប្រឹក្សាវប្បធម៌អាស៊ី ព្រមទាំងឥស្សរជនជាន់ខ្ពស់សំខាន់ៗ ជាសមាជិករបស់ ICAPP បុគ្គលថ្នាក់ដឹកនាំ ដែលមានដូចជាលោក មហាម៉ាត់ ជូសុហ្វ ខាឡា (H.E. Muhammad Jusuf Kalla) អនុប្រធានាធិបតីឥណ្ឌូនេស៊ី និងបណ្តាថ្នាក់ដឹកនាំរដ្ឋសភាមកពីតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ៣៨ប្រទេស ក៏ដូចជាបណ្តាមិត្តមកពីទី្វបអឺរ៉ុប អាហ្វ្រិក អាមេរិកខាងជើង អាមេរិកឡាទីន អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក និងអង្គការយូណេស្កូ សរុបប្រមាណ ៨០០រូប។

អង្គការយូណេស្កូ បានទទួលស្គាល់ជាផ្លូវការថា «ក្រុមប្រឹក្សាវប្បធម៌អាស៊ី» ជាដៃគូសហប្រតិបត្តិការល្អក្នុងកិច្ចការវប្បធម៌ ហើយអង្គការទាំងពីរបាននឹងកំពុងធ្វើការជាមួយគ្នាលើគម្រោងជាច្រើនរួមមានការសិក្សាគោលនយោបាយវប្បធម៌អាស៊ី នៅឆ្នាំ២០១៩ ដែលជាការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីវប្បធម៌ នៅឆ្នាំ២០១៩៕