(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារនាំយកអំណោយ ស័ង្កសីរបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ្រ ច័ន្ទមុន្នី ចុះប្រគល់ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់២១គ្រួសារ នៅភូមិព្រៃសង្ហារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងបានជួយរុះរើសម្រួលលំនៅឋាន និងជួសជុលផ្ទះជូនប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្រ្ទាក់។

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ បានបញ្ជាក់ថា កងកម្លាំងរបស់កងពល ក្រៅពីភារកិច្ចស្នូលរបស់កងទ័ព និងបេសកម្មប្រតិបត្តិការសហការជាមួយកម្លាំងចម្រុះ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ចូលសហគមន៍ អង្គភាពបានត្រៀមកម្លាំង សហការជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំង សម្រាប់ជួយអន្តរាគមន៍ សង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិផ្សេងៗផងដែរ។

ជាមួយគ្នានោះលោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួក ដោយទទួលបានការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរ បាល ខេត្តបន្ទាយមានជ័យ ក៏បានសហការនឹងកម្លាំងកងទ័ពកងពលតូចលេខ៥១ មន្ត្រីអាជ្ញាធរ និងក្រុមការងារ បាននាំស័ង្កសីអំណោយរបស់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី ប្រគល់ជូនពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ទ្រាក់នេះផងដែរ។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ មានភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់១មេ នៅភូមិព្រៃសង្ហារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យខូខាតផ្ទះប្រជាពលរដ្ឋសរុបចំនួន២១ខ្នង ក្នុងនោះធ្ងន់ធ្ងរភាគច្រើន៕