(សៀមរាប)៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋ ៤៦នាក់បន្ថែមទៀតនៅស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានអាជ្ញាធរអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ ក្រោយពេលពួកគេបានបញ្ចប់ការធ្វើចត្ដាឡីស័ករយៈពេល១៤ថ្ងៃ នៅមណ្ឌលវិទ្យាល័យក្រឡាញ់។

លោក សុខ ណារ៉េត អភិបាលរងនៃគណៈអភិបាលស្រុក និងក្រុមការងារប្រចាំការមណ្ឌលចត្តាឡីស័កក្រឡាញ់ បានជួបសំណេះសំណាល និងផ្ដាំផ្ញើនូវការណែនាំមួយចំនួនដល់ប្រជាពលរដ្ឋចំណូលស្រុក ឬមកពីក្រៅប្រទេស ដែលបានអនុវត្តធ្វើចត្តាឡីស័កគ្រប់រយៈពេល១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យក្រឡាញ់ទាំង ៤៦នាក់ (ស្រី ២០នាក់)នេះ។ ប្រជាពលរដ្ឋទាំង៤៦នាក់ នៅតាមបណ្ដាឃុំចំនួន៧ គឺឃុំស្រណាល ឃុំស្នួល ឃុំសែនសុខ ឃុំរោងគោ ឃុំក្រឡាញ់ ឃុំសំបួរ និងឃុំចន្លាស់ដៃ។

ជំនួសមុខលោកស្រីអភិបាលនៃគណៈអភិបាលស្រុក លោកបានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលសហការល្អជាមួយអាជ្ញាធរដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ក្នុងការការពារនិងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ។

ទន្ទឹមនឹងនេះ លោកក៏បានជម្រាបជូនពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ ជាពិសេសក្នុងអំឡុងពេលនៃការការពារនិងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ និងបង្កើននូវការប្រុងប្រយ័ត្នខ្ពស់ កុំឲ្យមានការរីករាលដាល់នៅក្នុងសហគមន៍ ដោយអនុវត្តវិធានការអនាម័យ គម្លាតសុវត្ថិភាពបុគ្គល គម្លាតសុវត្ថិភាពសង្គម និងការរស់នៅសាមញ្ញតាមបែបគន្លងថ្មី អនុវត្តត្រឹមត្រូវខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ ៣កុំ»៕