(ព្រៃវែង)៖ ប្រជាពលរដ្ឋដែលបានធ្វើចត្តាឡីស័កចំនួន ៦៧នាក់ នៅស្រុកព្រះស្តេច ខេត្តព្រៃវែង ត្រូវបានអាជ្ញាធរអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ បន្ទាប់ពីពួកគាត់បានធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ តាមការកំំណត់របស់ក្រសួងសុខាភិបាល។ នេះបើយោងតាមលោក ភុន សម្ផស្ស អភិបាលស្រុកព្រះស្ដេច បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី ១៩ ខែមីនានេះ។

លោក ភុន សម្ភស្ស បានឱ្យដឹងយ៉ាងដូច្នេះថា៖ «នៅថ្ងៃនេះមានប្រជាពលរដ្ឋ ៦៧នាក់ ដែលធ្វើចត្តាឡីស័កបានឱ្យវិលត្រលប់ទៅផ្ទះវិញហើយ ប៉ុន្តែ ខណៈដែលពួកគាត់ទៅដល់ផ្ទះបានណែនាំឱ្យបន្តនៅដាច់ដោយឡែកពីក្រុមគ្រួសារទៀត និងមានការប្រុងប្រយ័ត្ន ដើម្បីតាមដានសុខភាព ហើយបានអប់រំឱ្យពួកគាត់អនុវត្តតាមវិធានការការពាររបស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន»

លោកបានបញ្ជាក់ថា ដោយឡែកនៅត្រឹមថ្ងៃ២០ ខែមីនាស្អែកនេះ អាជ្ញាធរបានអនុញ្ញាតឱ្យប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័កគ្រប់ចំនួនថ្ងៃកំណត់ដោយក្រសួងសុខាភិបាលសរុប ៧៩នាក់ សុទ្ធសឹងប៉ះពាល់ដោយប្រយោលនៅក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» កន្លងទៅនេះ ក្នុងនោះអ្នកមួយចំនួនជាពលករវិលមកពីប្រទេសថៃ និងអ្នកមួយចំនួនទៀត បានប៉ះពាល់ដោយប្រយោលនៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍មួយនៅក្នុងភូមិព្រីង ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

ជាមួយគ្នានេះ លោកអភិបាលស្រុក បានឱ្យដឹថា ចំពោះអ្នកដែលបានឆ្លងជំងឺកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» កន្លងទៅនេះមានចំនួន ៨នាក់ នៅក្នុងស្រុកព្រះស្ដេច ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រតិបត្តិស្រុក ដែលមានការចិត្តទុកដាក់ពីក្រុមគ្រូពេទ្យក្នុងការព្យាបាលផងដែរ។

លោក ភុន សម្ផស្ស ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅស្រុកព្រះស្ដេចទាំងអស់ សូមចូលរួមបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ឱ្យបានខ្លាំងក្លាបន្ថែមទៀត ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នូវវិធានការ «៣ការពារ និង៣កុំ» ជាពិសេសបើពុំមានការចាំបាច់ទេនោះ សូមកុំចេញក្រៅផ្ទះផងដែរ៕