(កំពង់ស្ពឺ)៖ អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បានសម្រេចឲ្យទីតាំង៥កន្លែង ដែលអ្នកធ្លាប់ប៉ះពាល់បុគ្គលឈ្មោះ កក្កដា សោភ័ណ្ឌ ត្រូវឲ្យបើកដំណើរការឡើងវិញហើយ។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ការអនុញ្ញាឲ្យបើកទីតាំងខាងលើធ្វើឡើង បន្ទាប់ពីក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានវិជ្ជមានកូវីដ-១៩ និងក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តបានធ្វើការតាមដាន ស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុតរួចមក ចំពោះករណីពាក់ព័ន្ធ អាជីវករនៅផ្សារបាត់ដឹង ក្នុងស្រុកឧដុង្គ និងពាក់ព័ន្ធជាមួយនារីម្នាក់ដែលបានប៉ះផ្ទាល់ជាមួយបុគ្គលឈ្មោះ កក្កដា សោភ័ណ្ឌ ដែលមានវិជ្ជមានកូវីដ-១៩។

សេចក្តីជូនដំណឹងដដែល បញ្ជាក់ថា អភិបាលខេត្តកំពង់ស្ពឺ ទីតាំងទាំង៥ ដែលបានសម្រេចអនុញ្ញាតឲ្យបើកដំណើរការអាជីវកម្មឡើងវិញ រួមមាន៖

*ផ្សារបាត់ដឹង ស្ថិតនៅក្នុង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ
*ហាង ណូណាស៉ីហ្វូតលក់គ្រឿងសមុទ្រ ចំណុចភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន
*ផ្សាររាត្រីមាត់ស្ទឹងព្រែកត្នោត ភូមិទូលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន
*ហាងកាហ្វេ អាម៉ាហ្សូន (Amazon) នៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈPTT ស្ថិតនៅក្នុងសង្កាត់រកាធំ ក្រុងច្បារមន
*ហាងម៉ែប៉ុកឬស្សី ស្ថិតនៅក្នុងភូមិបិល ឃុំស្គុះ ស្រុកសំរោងទង។

ទន្ទឹមនេះ អភិបាលខេត្តបន្ថែមថា ម្ចាស់អាជីវកម្មទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់បំផុត ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ជានិច្ច ដើម្បីចូលរួមទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ១៩ នេះ ទៅក្នុងសហគមន៍៕