(តាកែវ)៖ បើគ្មានអ្វីប្រែប្រួលទេ ផ្សារដ៏ទំនើបខ្នាតតូចមួយ នឹងលេចចេញជារូបរាងឡើងក្នុងពេលឆាប់ៗខាងមុខនេះ នៅចំកណ្ដាលនៃបេះដូងរបស់ក្រុងដូនកែវ ខេត្តតាកែវ បន្ទាប់ពីម្ចាស់គម្រោងវិនិយោគរួម និងអាជ្ញាធរក្រុង បានចាប់ផ្ដើមធ្វើពិធីក្រុងពាលីបញ្ចុះបឋមសីលាសាងសង់កាលពីល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១។

លោក ឡោ ជំនិត ម្ចាស់គម្រោងវិនិយោគផ្សារណាត់ទំនើបខ្នាតតូច ដែលមានទីតាំងនៅក្នុងសង្កាត់រកា ក្នុងក្រុងដូនកែវ បានថ្លែងឲ្យដឹងថា ការចូលមកវិនិយោគផ្សារណាត់នេះ បន្ទាប់ពីមើលឃើញផ្សារនេះ មានសភាពចាស់ទ្រុឌទ្រោម ដោយការសាងសង់តាំងពីជំនាន់បារាំង ហើយការលក់ដូរបស់បងប្អូនអាជីវករនៅតាមចញ្ចើមថ្នល់និងមិនមានបរិស្ថានល្អប្រសើរ ជាពិសេសដោយមានការយល់ព្រមពីបងប្អូនអាជីវករ និងអាជ្ញាធពាក់ព័ន្ធរបស់ខេត្តគ្រប់លំដាប់ថ្នាក់ លោកក៏បានសម្រេចចិត្តសិក្សា នឹងចូលមកវិនិយោគផ្សារណាត់នេះឲ្យមានសភាពស្រស់បំព្រងឡើងវិញ។

លោក ឡោ ជំនិត បានថ្លែងបន្តថា ផ្សារនេះមានទំហ៊ំ១៥ម៉ែត្រគុណជាង៨០ម៉ែត្រ ដែលមានកម្ពស់ ៣ជាន់មានតូបជាង ២០០តូប ត្រូវបានវិនិយោគចំនួន៣០ឆ្នាំហើយគ្រោងសាងសង់រួចរាល់នៅក្នុងរយៈពេល១៥ខែ។

លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានថ្លែងឲ្យដឹងថា ដោយមើលឃើញពីស្ថានភាពផ្សារណាត់ជាផ្សារមួយ ដែលសម្បូរទៅដោយមនុស្សចេញចូលលក់ដូរ មានអ្នកទិញទំនិញ និងមុខម្ហូបអាហារមានការកើនឡើង គួរឲ្យកត់សម្គាល់ ហើយផ្សារនៅមិនទាន់មានសណ្តាប់ធ្នាប់ល្អអ្នកលក់ដូរនៅលើដងផ្លូវ និងមានសភាពចាស់ទ្រុឌទ្រោមទៀត លោកបានបន្តស្វែងរកដៃគូរវិនិយោគផ្សារនេះជាមួយរដ្ឋ ដើម្បីធ្វើការសាងសង់ផ្សារណាត់នេះ ឲ្យក្លាយជាផ្សារទំនើបខ្នាតតូចមួយមុនគេបង្អស់នៅក្នុងទឹកដីក្រុងដូនកែវដើម្បីសម្រួលដល់ការលក់ដូរក្រុមអាជីវករឲ្យមានសណ្តាប់ធ្នាប់និងអនាម័យល្អ។

លោកអភិបាលក្រុងដូនកែវ ថ្លែងបន្តថា ចំពោះគំរោងអភិវឌ្ឍន៍ផ្សារណាត់ឱ្យក្លាយទៅជាផ្សារទំនើបខ្នាតតូចដំបូងគេបង្អស់នៅខេត្តតាកែវនេះ គឺក្រុមការងារជំនាញបានចុះធ្វើការសិក្សា និងចុះស្រង់ស្ថិតិជាមួយក្រុមអាជីវករ បានធ្វើការដោះស្រាយបញ្ហាប្រឈមនានាជាមួយពួកគាត់ ដោយបានស្រុះស្រួលឯកភាពគ្នាទាំងស្រុងមិនមានបញ្ហាអ្វីកើតឡើងនោះទេ។

លោកសង្កត់ធ្ងន់ថា «ការប្រែក្លាយផ្សារណាត់ដែលជាផ្សារវ័យចំណាស់មួយនេះឲ្យក្លាយជាផ្សារទំនើបមួយ វានឹងធ្វើឱ្យក្រុងដូនកែវរបស់ខេត្តតាកែវ កាន់តែមានសោភ័ណ្ឌភាពស្រស់បំព្រង ជាពិសេសវានិងជួយប្រែមុខមាត់ថ្មីៗជាក់ជាពុំខាន»