(ភ្នំពេញ)៖ រាជរដ្ឋាភិបាលជប៉ុន សម្រេចផ្តល់ថវិកាចំនួន ៣៤០,០០០,០០០យេន ស្មើនឹង ៣,០៩០,៩០៩ដុល្លារអាមេរិក ដល់អង្គការយូនីសេហ្វ សម្រាប់គម្រោងដើម្បីបញ្ចប់អំពើហិង្សាលើកុមារ កំលុងពេលមានជំងឺរាតត្បាតកូវីដ-១៩ ក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ។

សេចក្តីប្រកាសព័ត៌មានដដែល បានគូសបញ្ជាក់ថា ទោះបីជាកុមារប្រឈមនឹងហានិភ័យសុខភាពពីជំងឺកូវីដ១៩ តិចជាងមនុស្សពេញវ័យក៏ដោយ ក៏មានរបាយការណ៍សាកលមួយចំនួនបានបង្ហាញថា កុមារអាចនឹងមានហានិភ័យខ្ពស់ ក្នុងការទទួលរងនូវអំពើហិង្សា ដែលបណ្ដាលមកពីជំងឺរាតត្បាតនេះ។ ការរឹតត្បិតលើការធ្វើដំណើរ ការបាត់បង់ប្រាក់ចំណូល ភាពឯកោ កន្លែងរស់នៅចង្អៀត និងកម្រិតខ្ពស់នៃភាពតានតឹង និងជំងឺថប់បារម្ភធ្វើឱ្យមានការកើនឡើង នូវលទ្ធភាពដែលកុមារអាចជួបប្រទះ និងទទួលរងការរំលោភបំពានលើរាងកាយ និងផ្លូវចិត្តនៅផ្ទះ។

ជាការឆ្លើយតប រដ្ឋាភិបាលជប៉ុន និងអង្គការ យូនីសេហ្វ កំពុងចាប់ផ្តើមគម្រោងថ្មីមួយឈ្មោះថា «ការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារនៅកម្ពុជា ក្នុងអំឡុងពេលនៃការរាតត្បាតជា សកលនៃជំងឺកូវីដ-១៩ និងការស្តារឡើងវិញ»

គោលបំណងរបស់គម្រោង គឺដើម្បីធានាថាកុមារា និងកុមារី នៅកម្ពុជាទទួលបានការការពារពីអំពើហិង្សា ការកេងប្រវ័ញ្ច និងការរំលោភបំពានក្នុងកំលុងពេលរាតត្បាតនៃជំងឺកូវីដ-១៩ និងការស្តារឡើងវិញ ដើម្បីពង្រឹងសន្តិសុខមនុស្សជាតិ។ សេវាកម្មកិច្ចការពារកុមារមួយចំនួន បានប្រឈមនឹងការរំខានក្នុងអំឡុងពេលមានជំងឺរាតត្បាត ដូច្នេះ គម្រោងនេះមានគោលបំណងធានានូវការស្តារ និងការបន្តសេវាកម្មកិច្ចការពារទាំងនេះឡើងវិញ។

គម្រោងនេះនឹងបង្កើតនូវយុទ្ធសាស្រ្ត និងការអន្តរាគមន៍ដែលមានស្រាប់ ដើម្បីពង្រឹងសេវាកម្មកិច្ចការពារកុមារដែលងាយរងគ្រោះខ្លាំង និងក្រុមគ្រួសាររបស់ពួកគេនៅទូទាំងប្រទេសកម្ពុជាក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ-១៩ និងការស្តារឡើងវិញ។

គម្រោងនេះនឹងគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើត និងអនុវត្តក្របខ័ណ្ឌស្ថាប័ន និងក្របខ័ណ្ឌគតិយុត្ត ដើម្បីលើកឡើងពីកត្តា
ហានិភ័យនានាដែលអាចកើតមានឡើងដោយសារជំងឺកូវីដ-១៩ ទៅលើកិច្ចការពារកុមារ។ គម្រោងនេះ ក៏នឹងគាំទ្រដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា ឪពុកម្តាយ និងអ្នកមើលថែទាំ ក្នុងការរៀនពីវិធីថ្មីៗដើម្បីបង្កើនចំណេះដឹង ឥរិយាបថ និងការអនុវត្តរបស់ពួកគេ ដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ។

បើតាមសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា អ្វីដែលសំខាន់បំផុតនោះ គឺគម្រោងនេះ នឹងធានាថាកុមារងាយរងគ្រោះអាចទទួលបានសេវាកម្មការពារប្រកបដោយគុណភាពរួមមានការគ្រប់គ្រងករណី ការគាំទ្រសុខភាពផ្លូវចិត្ត និងការគាំទ្រផ្នែកចិត្តសាស្ត្រនិងសង្គម ជំនួយផ្នែកច្បាប់ និងសេវាសុខភាព។ ខ្សែបណ្តាញជំនួយ និងលេខទំនាក់ទំនងទាន់ហេតុការណ៍ និងត្រូវបានបង្កើនឡើងដើម្បីផ្តល់នូវបណ្តាញសុវត្ថិភាពដែលមានភាពងាយស្រួលទាក់ទងសម្រាប់កុមារ និងមនុស្សពេញវ័យដើម្បីរាយការណ៍អំពីអំពើហិង្សារួមទាំងការកេងប្រវ័ញ្ចផ្លូវភេទ និងការរំលោភបំពាន។

សុវត្ថិភាពរបស់កុមារតាមប្រព័ន្ធអ៊ិនធើណេត នឹងត្រូវបានលើកកម្ពស់តាមរយៈការពង្រឹងភាពជាដៃគូជាមួយឧស្សាហកម្មព័ត៌មាន និងបច្ចេកវិទ្យា (ICT) និងការលើកកម្ពស់ការយល់ដឹង និងសកម្មភាពអប់រំ សម្រាប់កុមារ និងអ្នកថែទាំ។ ជាចុងក្រោយការគ្រប់គ្រងទិន្នន័យ និងការបង្កើតភ័ស្តុតាងនឹងត្រូវបានពង្រឹងតាមរយៈការធ្វើឱ្យប្រសើរឡើងនូវរបាយការណ៍ និងគុណភាពនៃទិន្នន័យដែលទាក់ទងនឹងអំពើហិង្សាលើកុមារ។

គោលដៅចុងក្រោយនោះ គឺការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតប្រព័ន្ធការពារកុមារដែលមានការសម្របសម្រួលសមស្រប និងប្រកបដោយចីរភាពដើម្បីឆ្លើយតបទៅនឹងបញ្ហាដែលបង្កឡើងកាន់តែខ្លាំងដោយសារជំងឺកូវីដ-១៩ ក្រោមកិច្ចសហការជាមួយអង្គការសង្គមស៊ីវិល (CSOs) និងដៃគូពាក់ព័ន្ធដទៃទៀត។

បើតាមលោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វ ប្រចាំកម្ពុជា បានឱ្យដឹងយ៉ាងដូច្នេះថា «រាល់ទម្រង់នៃអំពើហិង្សា ដែលកុមារបានជួបប្រទះអាចបណ្តាល ឱ្យមានផលវិបាកធ្ងន់ធ្ងរ និងពេញមួយជីវិត ហើយយើងមានការព្រួយបារម្ភយ៉ាងខ្លាំង ដែលពួកគេអាចមានហានិភ័យខ្ពស់ ក្នុងការទទួលរងនូវអំពើហិង្សា និងការរំលោភបំពានក្នុងអំឡុង ពេលដ៏លំបាកនៃជំងឺរាតត្បាតកូវីដ-១៩»

លោកស្រី បានបន្តថា «យើងសូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ និងទាន់ពេលវេលា។ គម្រោងនេះមានគោលបំណងពង្រឹងប្រព័ន្ធ និងសេវាកម្មកិច្ចការពារកុមារ និងចូលរួមចំណែកសម្រេចឱ្យបាននូវ សិទ្ធិលូតលាស់របស់កុមារកម្ពុជា នៅក្នុងបរិស្ថានប្រកបដោយសុវត្ថិភាពនិងកិច្ចការពារ»

ដោយឡែកលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំកម្ពុជា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «អំពើហិង្សាក្នុងវ័យកុមារភាព អាចបង្កគ្រោះថ្នាក់ជាច្រើនដល់កុមារ និងពេញមួយជីវិតរបស់ពួកគេ។ ការទទួលរងគ្រោះនូវអំពើហិង្សានៅវ័យកុមារភាព ជារឿយៗនាំឱ្យមានផលអវិជ្ជមានខាងអាកប្បកិរិយា ផ្លូវចិត្តនិងរាងកាយនៅក្នុងវ័យជំទង់ និងពេញវ័យដែលជាបញ្ហាប្រឈមសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ»

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានបន្តទៀតថា «យូនីសេហ្វ មានសកម្មភាពនៅកម្ពុជាតាំងពីឆ្នាំ១៩៥២ និងមានបទពិសោធលេចធ្លោរក្នុងការធ្វើការដើម្បីបញ្ចប់អំពើហិង្សាលើកុមារ។ នេះជាមូលហេតុដែលរដ្ឋាភិបាលជប៉ុន ចាត់ទុក យូនីសេហ្វ ជាដៃគូដែលគួរឱ្យទុកចិត្តបំផុតដើម្បីសម្រេចគោលដៅនេះ។ រដ្ឋាភិបាលជប៉ុន និងយូនីសេហ្វ ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីបញ្ចប់អំពើហិង្សាលើកុមារហើយនឹងបន្តរហូតដល់យើងបានជួយបង្កើតពិភពលោកមួយដែលគ្មានកុមារណាម្នាក់ត្រូវបានទុកចោល។ យើងនឹងបន្តសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីជួយស្តារប្រទេសឡើងវិញពីជំងឺកូវីដ-១៩»