(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញពិនិត្យមើលដំណើរការជួសជុលកែលំអរ ស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋ ស្ថិតនៅលើសួនច្បារខាងកើតវិមានឯករាជ្យ ដែលកំពុងតែដំណើរការជួសជុលកែលំអរ រហូតមកដល់ពេលនេះបានប្រមាណ៩៥% ហើយនឹងគ្រោងឲ្យបានរួចរាល់នៅចុងខែមីនានេះ។

បន្ទាប់ពីអញ្ជើញពិនិត្យមើលដំណើរការជួសជុលកែលំអរ ស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋរួចហើយ, សម្តេចតេជោ ហ៊ុន សែន នឹងបន្តអញ្ជើញចុះទៅពិនិត្យមន្ទីរពេទ្យ នគរទេព ដែលគ្រោងនឹងធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ មានទីតាំងស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ការរៀបចំមន្ទីរពេទ្យ «នគរទេព» ទៅជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ថ្មីមួយទៀត ជាមួយហេដ្ឋារចនាសម្ព័ន្ធទូទៅ៖

* ផ្ទៃដីទំហំ១ហិកតា ៥០អា
* ទំហំអគារ ២៥០០០មែត្រការេ កំពស់៥ជាន់
* មានប្រព័ន្ធ ទឹក ភ្លើងល្អបំពាក់ប្រព័ន្ធសទ្បា និងមានម៉ាស៊ីនភ្លើងបំរុងកម្លាំង ៣៥០ KWA បំពាក់ដោយម៉ាស៊ីនផ្លាស់ប្ដូរភ្លើងដោយស្វ័យប្រវត្តិ។

រចនាបថ បចេ្ចកទេស :
* ជាទីតាំងមន្ទីរពេទ្យមានចំណុះ សរុប៥០០គ្រែ ដោយអាចរៀបចំជាផ្នែកសង្គ្រោះបន្ទាន់បាន៨០គ្រែ និងផ្នែកជំងឺធម្មតា៤២០គ្រែ។
* មានបំពាក់គ្រឿងឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍ផ្សេងៗតាមស្តង់ដារជាមន្ទីរពេទ្យសម្ពព និងរោគស្ត្រី៕