(ភ្នំពេញ)៖ វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ដោយមានការគាំទ្រពីស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានរៀបចំសិក្ខាសាលាស្ដីពី «បញ្ហាប្រឈមក្នុងតំបន់មេគង្គ៖ តួនាទីនៃកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន» ក្នុងគោលបំណងដើម្បីធ្វើឲ្យមានភាពបង្ស៊ីគ្នារវាងទស្សនវិស័យ និងធាតុចូលនៃគោលនយោបាយពាក់ព័ន្ធនានា ដែលកំពុងមានតួនាទីាកាន់តែសំខាន់ឡើងនៅក្នុងតំបន់ដែលមានការរីកលូតលាស់មួយនេះ។

សិក្ខាសាលានេះបានទទួលការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសនានាដែលមកពីស្ថានទូតបរទេស និងក្រសួងពាក់ព័ន្ធនានាក្នុងព្រះរាជាណាចក្រកម្ពុជា ស្ថាប័នស្រាវជ្រាវ អង្គការ សាស្រ្តាចារ្យ សិស្សនិស្សិត និងអ្នកដែលពាក់ព័ន្ធផ្សេងៗទៀតមកពីបណ្តាប្រទេសមេគង្គ។

សិក្ខាសាលានេះបានឆ្លុះបញ្ចាំងថា តំបន់មេគង្គបានក្លាយជាតំបន់មួយ នៅក្នុងចំណោមតំបន់ដែលមានការរីកចម្រើនលឿនបំផុតនៅលើពិភពលោក និងបានទាក់ទាញនូវចំណាប់អារម្មណ៍ពីប្រទេសមហាអំណាចខាងក្រៅសំខាន់ៗ ដូចជាជប៉ុន ចិន ឥណ្ឌា សាធារណរដ្ឋកូរ៉េ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ ធាតុចូល និងមតិយោបល់សម្រាប់គោលនយោបាយនានា ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់តំបន់មេគង្គ ក៏ត្រូវបានចែករំលែកនៅក្នុងចំណោមសិក្ខាកាមដែលបានចូលរួម។

ក្រៅពីនេះ បញ្ហាក្នុងតំបន់មេគង្គនានា ដែលជាក្ដីកង្វល់ និងផលប្រយោជន៍រួមគ្នា ដូចជាការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ ការគ្រប់គ្រងទឹកនិងថាមពល គ្រោះធម្មជាតិ ការកើនឡើងកំដៅផែនដី និងការអភិវឌ្ឍប្រកបដោយចីរភាព ក៏ត្រូវបានលើកយកមកពិភាក្សានៅក្នុងសិក្ខាសាលានេះផងដែរ។ បញ្ហាសន្តិសុខមិនមែនប្រពៃណីទាំងនេះ បានបង្កជាការគំរាមកំហែងជាច្រើនទៅដល់សន្តិភាព និងវិបុលភាពដែលពិបាកនឹងទទួលបានរបស់បណ្តាប្រទេសមេគង្គ និងក្នុងតំបន់ទាំងមូលផងដែរ។

លើសពីនេះទៀត តំបន់មេគង្គត្រូវបានគេចាត់ទុកជាមហោស្រពយុទ្ធសាស្រ្តមួយ ក្នុងចំណោមមហោស្រពយុទ្ធសាស្រ្តដ៏សំខាន់បំផុតរបស់ប្រទេសមហាអំណាចនានានៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ក្នុងបរិបទនេះ សិក្ខាសាលាបានពិភាក្សាអំពីបញ្ហាកំពុងតែប្រឈមនានាដែលបង្កដោយការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ រវាងប្រទេសមហាអំណាច ជាពិសេសរវាងសហរដ្ឋអាមេរិក និងចិន។ នៅក្នុងកិច្ចពិភាក្សា វាគ្មិនទាំងអស់បានស្រាយបំភ្លឺបន្ថែមទៅលើផលប៉ះពាល់នៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយនេះមកលើបណ្តាប្រទេសមេគង្គ រួមទាំងកម្ពុជាផងដែរ។

ជាចុងបញ្ចប់ សិក្ខាសាលានេះ បានឆ្លុះបញ្ចាំងពីទស្សនវិស័យរបស់កម្ពុជាលើវឌ្ឍនភាព និងទិសដៅនាពេលអនាគតនៃកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន។ សរុបសេចក្តីមក ប្រទេសជប៉ុននឹងដើរតួនាទីកាន់តែសំខាន់ឡើងនៅក្នុងការលើកកម្ពស់ការអភិវឌ្ឍ និងការតភ្ជាប់នៅក្នុងតំបន់ ក៏ដូចជាការចូលរួមចំណែកយ៉ាងវិជ្ជមានទៅដល់ការស្ដារឡើងវិញលើគ្រប់វិស័យរបស់ប្រទេសមេគង្គ និងក្នុងតំបន់ទាំងមូល នៅក្រោយការបញ្ចប់នៃការរីករាលជំងឺរាតត្បាតកូវីដ-១៩៕