(សៀងហៃ, ចិន)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ក្នុងព្រះរាជដំណើរបំពេញទស្សនកិច្ចនៅទីក្រុងសៀងហៃ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ព្រះអង្គបានសព្វព្រះរាជហឫទ័យយាងសោយព្រះក្រយាថ្ងៃត្រង់នាភោជនីយដ្ឋានពិសេសថ្នាក់ជាតិ លី ព័រឡាង (Lu Po Liang)។

លី ព័រឡាង ជាទីតាំងបង្កប់នូវអនុស្សាវរីយ៍យ៉ាងជ្រាលជ្រៅសម្រាប់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ កាលពី៤៨ឆ្នាំមុន។ ភោជនីយដ្ឋានពិសេសថ្នាក់ជាតិ លីព័រឡាង (Lu Po Liang) ក្នុងឧទ្យានយូ ត្រូវបានចាប់បង្កើតឡើងក្រោយព្រះរាជដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្ត នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៧៣។

កាលណោះដើម្បីជាកិច្ចស្វាគមន៍ចំពោះព្រះរាជដំណើរទស្សនកិច្ចដ៏ឧត្តុង្គឧត្តមរបស់សម្តេច នរោត្តម សីហនុ និងព្រះមហាក្សត្រី ថ្នាក់ដឹកនាំកំពូលទីក្រុងសៀងហៃ បានប្រកាសស្វែងរក និងជ្រើសរើសនូវចុងភៅដ៏ចំណានៗដើម្បីរៀបចំថ្វាយជាពិសេសនូវព្រះស្ងោយដ៏ល្បីៗរបស់ទីក្រុងសៀងហៃថ្វាយព្រះអង្គទាំងទ្វេ។

ជាលទ្ធផលព្រះស្ងោយចំនួន១៤មុខ ត្រូវបានចម្អិនឡើងដោយចុងភៅដ៏ល្បីល្បាញនៃទីក្រុងសៀហៃ ដើម្បីថ្វាយព្រះអង្គទាំងទ្វេសោយនាឧទ្យានយូ។ នៅវេលាយប់ថ្ងៃដដែលនោះ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជឱង្ការថា «ខ្ញុំសង្ឃឹមថានៅថ្ងៃស្អែកមុនម៉ោង ១០ព្រឹក សូមរៀបចំមុខម្ហូបដដែលនេះ ក្នុងមួយមុខចំនួន២ចាន សម្រាប់អាហារថ្ងៃត្រង់របស់ខ្ញុំ»។

ព្រះរាជឱង្ការរបស់ព្រះអង្គបានធ្វើឲ្យក្រុមចុងភៅដ៏ចំណានៗប្រចាំទីក្រុងសៀងហៃ មានសេចក្តីរំភើបរីករាយ និងត្រេកអរយ៉ាងខ្លាំង ព្រោះបានបង្ហាញយ៉ាងច្បាស់ថា ព្រះមហាក្សត្រកម្ពុជា គឺសម្តេចព្រះ នរោត្តម សីហនុ សព្វព្រះរាជហឫទ័យយ៉ាងខ្លាំងចំពោះស្នាដៃចម្អិនម្ហូបរបស់ពួកគេ ចំណែកឯរឿងនិទានដ៏ល្បីមួយ គឺរឿង «ពិធីជប់លៀងតូចមួយនៅលើពិភពលោក» មានប្រភពមកពីព្រឹត្តិការណ៍ខាងលើនេះឯង។

នៅពេលនោះឧទ្យានយូ ពុំទាន់មានភោជនីយដ្ឋានពិសេសណាមួយសម្រាប់បង្អួតនូវរសជាតិដ៏ពិសេសនៃម្ហូបអាហាររបស់ទីក្រុងសៀងហៃនៅឡើយនោះទេ។ ដើម្បីជាកិច្ចងាយស្រួលសម្រាប់ការរៀបចំថ្វាយព្រះរាជបដិសណ្ឋារកិច្ចស្វាគមន៍ចំពោះព្រះរាជដំណើររបស់ព្រះអង្គ នាឱកាសក្រោយទៀតនោះ ទើបនៅក្នុងឆ្នាំ១៩៧៩ ចុងភៅមួយក្រុមដែលបានចម្អិនព្រះស្ងោយទាំង១៤មុខថ្វាយព្រះអង្គ បានរួមគ្នាបង្កើតឡើងនូវភោជនីយដ្ឋានពិសេសថ្នាក់ជាតិ លីព័រឡាង (Lu Po Liang) នេះឡើង។

ព្រះស្ងោយទាំង១៤មុខនោះ ត្រូវបានចារឹកលើផ្លាកពណ៌មាស តាំងបង្ហាញជាសាធារណៈដែលជាមុខម្ហូបយ៉ាងពិសេសប្រចាំភោជនីយដ្ឋាន។ ចំណែកឯព្រះបរមឆាយាលក្ខណ៍ទាំងឡាយ នៃព្រះករុណា ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក៏ត្រូវបានតាំងបង្ហាញអមដោយប្រវត្តិសង្ខេបនៃដើមកំណើតភោជនីយដ្ឋានដ៏ពិសេសនេះ និងបន្ទប់ដែលព្រះអង្គទាំងទ្វេ ស្តេចយាងមកសោយព្រះស្ងោយនាឆ្នាំ១៩៧៣ ត្រូវបានរៀបចំជាបន្ទប់ដ៏ពិសេសប្រចាំភោជនីយដ្ឋានដែលត្រូវបានប្រសិទ្ធនាមថា បន្ទប់ «១៩៧៣»៕