(ប៉ារីស)៖ អាជ្ញាធរបារាំងគ្រោងនឹងប្រកាសពីវិធានការរឹតត្បិតប្រឆាំងនឹងជំងឺ COVID-19 ថ្មី នៅថ្ងៃព្រហស្បតិ៍នេះ(ម៉ោងនៅទីក្រុងប៉ារីស) ដោយរាប់បញ្ចូលទាំងវិធានការបិទទ្វារ(lockdown) ដែលអាចនឹងធ្វើឡើងនៅតំបន់ទីក្រុងប៉ារីស និងនៅតំបន់ភាគខាងជើងនៃប្រទេសផងដែរ ដោយសារតែចំនួនអ្នកជំងឺនៅក្នុងមន្ទីពេទ្យកើនឡើងយ៉ាងគំហុក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១។

ក្នុងពេលបំពេញទស្សនកិច្ចនៅមន្ទីរពេទ្យ Poissy និង Saint-Germain-en-Laye ស្ថិតភាគខាងលិចនៃទីក្រុងប៉ារីស កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង(Emmanuel Macron )បាននិយាយថា«យើងនឹងធ្វើការសម្រេចចិត្ត នៅពេលដែលយើងត្រូវធ្វើវា»។ លោកបានបន្ថែមទៀតថា វិធានការណ៍ថ្មីនេះនឹងមាន«ភាពច្បាស់លាស់ សមាមាត្រ និងចំគោលដៅ»។

ទោះជាយ៉ាងណា នាយករដ្ឋមន្រ្តីបារាំងលោក Jean Castex គ្រោងនឹងបញ្ជាក់លម្អិតអំពីវិធានការរឹតត្បិតនេះនៅល្ងាចថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ(ម៉ោងនៅប៉ារីស)។

គួរបញ្ជាក់ថា ជំងឺ COVID-19 កំពុងតែរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងតំបន់ប៉ារីស ដោយអត្រានៃការឆ្លងបានឈានដល់ជាង៤២០នាក់ក្នុងចំណោមប្រជាជន១០០,០០០នាក់ ខណៈដែលផ្នែកជួយសង្រ្គោះបន្ទាន់(ICU) ប្រឈមនឹងការបិទទ្វារព្រោះតែអ្នកជំងឺច្រើនពេក។ អត្រាអ្នកឆ្លងនៅទូទាំងប្រទេសរបស់ប្រទេសបារាំង គឺប្រហែល២៥០នាក់ក្នុង១០០,០០០ នាក់។

ប្រជាជនបារាំងបានស្ថិតនៅក្រោមបម្រាមគោចរនៅទូទាំងប្រទេស ពីចន្លោះម៉ោង០៦ល្ងាច ដល់ម៉ោង០៦ព្រឹក អស់រយៈពេលជាង០២ខែមកហើយ។

បើយោងតាមគេហទំព័រ Worldmeter បារាំងឈរចំណាត់ថ្នាក់ទី៦ ក្នុងចំណោមប្រទេសដែលមានករណី COVID-19 ច្រើនជាងគេនៅទូទាំងសកលលោក ដោយមានករណីសរុបជាង ៤.១លានករណី ក្នុងនោះស្លាប់ ៩១,៤៣៧នាក់ និងជាសះស្បើយជាង ២៧៥,៣៦០នាក់៕