(ភ្នំពេញ)៖ អតីតម្ចាស់ហាងជួលការ ណាំទ្រា នៅខាងជើងរង្វង់​មូលផ្សារដើមថ្កូវ​ត្រូវបានស្ត្រី​វ័យចំណាស់​ម្នាក់ដាក់ពាក្យ​បណ្ដឹង​ ទៅកាន់ការិយាល័យជំនាញ ពីបទ​លួចវាយជញ្ជាំង​ផ្ទះរួម ហើយមិន​ព្រមជួសជុល​អោយ​ដូចដើម​ឡើងវិញ ដោយករណីនេះ ត្រូវបានភាគីម្ចាស់ផ្ទះរងគ្រោះអះអាង​ថា ជាសកម្មភាព​ធ្វើឡើង​បង្កប់​នូវ​អំពើ​ទុច្ចរិត​ដែល​មិនអាចទទួល​យកបានឡើយ។

យោងតាមពាក្យបណ្ដឹង​ពីស្ត្រី​ឈ្មោះ ទេព សុខា អាយុ៦១ឆ្នាំ មានទីលំនៅផ្ទះលេខ៤១ ផ្លូវលេខ៤៦០ ភូមិ២សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមនប្ដឹង​ចូលទៅប្រធានការិយាល័យ​រៀបចំដែន​ដីនគរូបនីយកម្ម និងសំណង់ ខណ្ឌចំការមន បានប្ដឹងឈ្មោះ ណាំ ទ្រា ដែលគេស្គាល់ឈ្មោះ​ផន សុភ័ក្រ ជាម្ចាស់សំណង់​ក្បាល​ដីលេខ​២៧១ ផ្លូវលេខ៤៨០ ភូមិ១ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ពីបទលួចវាយបំផ្លិចបំផ្លាញ​​ជញ្ជាំងផ្ទះរួមគ្នា ហើយសន្យា​ធ្វើអោយវិញ​តែមិន​ព្រមធ្វើដូចទៅ​តាមការសន្យាឡើយ។

អ្នកស្រីទេព សុខា ដែលចាត់ទុកថាខ្លួន​ជាជនរងគ្រោះ​ដោយសកម្មភាព​របស់ម្ចាស់ផ្ទះជាប់ព្រំដី គឺជាអតីតម្ចាស់ទីតាំង​ជួល​ការ​ណាំ ទ្រា បានរៀបរាប់​អោយ​ដឹងថាខ្លួនមានដីមួយកន្លែងមាន​ទទឹង៦ម៉ែត្រ​លេខក្បាល​ដី២៧២ នៅបណ្តោយ​ផ្លូវលេខ៤៨០ គឺនៅជាប់ជា​មួយ​ក្បាលដីលេខ២៧១ របស់ឈ្មោះ ផន សុភ័ក្រ ហៅ ណាំ ទ្រា ហើយនៅពេលថ្មីៗនេះ ខ្លួនក៏រៀបចំ​បុកគ្រឹះដើម្បីសាងសង់ផ្ទះនៅ។ ស្រាប់​តែនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦​កន្លងទៅនេះ ឈ្មោះផន សុភ័ក្រហៅ​ណាំទ្រា​បានបញ្ជា​អោយកម្មករ​និងកូនចៅ​របស់ខ្លួន យកញញួរពូថៅទៅ​វាយ​បំផ្លិចបំផ្លាញ​​របងផ្ទះរួមចោលដោយ​មិន​មានការឯកភាពពីអ្នកស្រី ដែលជាម្ចាស់ដីជាប់ព្រំនោះឡើយ។ ក្រោយវាយបំផ្លិចបំផ្លាញ​ហើយ​អ្នកស្រីបាន​ទូរស័ព្ឌទៅសួរ នាំ និងជួបចរចា​គ្នាទើប​ភាគីលោក ផន សុភ័ក្រ ហៅណាំ ទ្រា សន្យា​ថា៣ថ្ងៃក្រោយ នឹងរៀបជញ្ជាំង​អោយដូចដើមវិញ តែតាំងពីពេលនោះមកមិន​ឃើញភាគី ណាំ ទ្រា មករៀបជញ្ជាំងឥដ្ឋ​អោយ​ដូចដើមវិញនោះឡើយ ទើបអ្នកស្រី​សម្រេចដាក់​ពាក្យបណ្ដឹង​ទៅអង្គភាព​ជំនាញ​អោយជួយ​អន្តរាគមន៍​តាមច្បាប់។

ពាក់ព័ន្ធករណីនេះ អ្នកស្រីទេព សុខា បានរំលឹកថាតាមពិតដីរបស់អ្នកស្រីនេះដើមឡើយគឺជាដីរបស់អ្នកផ្សេង តែកន្លងមកអ្នកស្រី​មានផ្ទះល្វែង នៅក្នុងសង្កាត់បឹងត្របែក តែអ្នកមានដីជាប់គ្នាបានបុកគ្រឹះសង់ខុនដូ បណ្តាលឲ្យប្រេះផ្ទះអ្នកស្រី មិនអាចរស់នៅកើតក៏មានការប្ដឹងផ្ដល់គ្នា ដោយចុង​ក្រោយ មានការសម្រប​សម្រួលគ្នា អ្នកស្រីក៏សុខចិត្ត​ដោះ​ដូរយកដី ដែលមានក្បាលលេខ២៧១ ផ្លូវលេខ៤៨០នៅជាប់ដីរបស់ឈ្មោះ ផន សុភ័ក្រ ហៅ ណាំទ្រា នេះតែម្ដងទៅ។​ ប៉ុន្តែខណៈ​​ដែល​អ្នកស្រីចាប់ផ្ដើមបុកគ្រឹះសាងសង់ផ្ទះ​​​ស្រាប់តែមានករណីនេះ​​កើតឡើង​ដោយក្នុងនោះ តាមការសនិដ្ឋាន​របស់អ្នកស្រីគឺភាគីបង្ក​មានចេតនារារាំង​មិនអោយអ្នកស្រី​សាងសង់ផ្ទះ​រស់​នៅ​​ដោយស្រួល​​ដោយ​គេមានបំណង​ទិញយកដី​អ្នកស្រីដើម្បី​ពង្រីកក្បាល​ដី​របស់គេ​អោយធំ​សម្រាប់ធ្វើការសាងសង់​សំណង់អ្វី​មួយ​ក៏អាចថា​បានដែរ មិនតែប៉ុណ្ណោះគេថែមទាំងដើរនិយាយថាការ​​បាក់ជញ្ជាំងរបងរួមនេះ​ គឺដោយសារតែភាគីអ្នក​ស្រីបុកគ្រឹះទើបធ្វើអោយ​ប្រេះបាក់ តែ​ជាក់ស្ដែងស្នាម​របងប្រេះបាក់ដោយការរញ្ជួយ​​និងរបងបាក់បែកដោយការវាយបំបែកគឺខុសគ្នា។

ពាក់ព័ន្ធការចោទប្រកាន់ខាងលើ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦នេះ អង្គភាព Fresh news មិនអាចធ្វើការទាក់​ទងសុំ​ការបំភ្លឺពីភាគី​លោក​ ផន សុភ័ក្រ ហៅ ណាំ ទ្រា បានឡើយដោយសារ​មិនមាន​លេខ​ទូរស័ព្ទ​សំរាប់ធ្វើ​ការទាក់ទង៕