(កំពង់ចាម)៖ ក្នុងគោលបំណងចូលរួមប្រយុទ្ធប្រឆាំង ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ចាមលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម បាននាំថវិកាចំនួន ៤លានរៀល និងតំណាងគ្រឹះស្ថានប្រសើរហ្វាយនែន (ម.ក) នាំយកម៉ាសចំនួន ៥.០០០ ម៉ាស, មីជាតិ ១០០កេស, ទឹកបរិសុទ្ធ ១០០ កេស, អាល់កុល ១៥០លីត្រ ប្រគល់ជូនលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្ត ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការនេះ។

បន្ទាប់ពីប្រគល់-ទទួល លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រឆាំងជំងឺកូវីដ-១៩ខេត្ត បានយកឱកាសនោះ ថ្លែងអំណរគុណចំពោះ លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម និងលោក-លោកស្រី ជាតំណាងគ្រឹះស្ថានប្រសើរហ្វាយនែន(ម.ក) ដែលបានឧបត្ថម្ភជាថវិកា និងសម្ភារៈ ដើម្បីចូលរួមក្នុងវិធានការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវិដ-១៩ ក្នុងខេត្តកំពង់ចាមដែលកំពុងមានតម្រូវការចាំបាច់ សម្រាប់ប្រើប្រាស់ ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ ជាពិសេសផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងអ្នកចំណូលស្រុក ដែលកំពុងស្នាក់នៅធ្វើចត្តាឡីស័ក តាមមណ្ឌលចត្តាឡីស័កក្នុងខេត្តកំពង់ចាមផងដែរ។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃដដែលនេះ បើតាមលោក នួន ណុយ នាយករងរដ្ឋបាលខេត្តកំពង់ចាម បានប្រាប់ឲ្យដឹងថា មានអ្នកធ្វើចត្តាឡីស័ក នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម ត្រូវបានអនុញ្ញាតឲ្យចេញទៅផ្ទះចំនួន ២២នាក់ បន្ទាប់ពីធ្វើតេស្ត អវិជ្ជមានកូវីដ-១៩ ចំនួន២លើក។ប្រជាពលរដ្ឋទាំង ២២នាក់នោះ មកពីស្រុកចំនួន៤ គឺ ស្រុកព្រៃឈរ ស្រុកជើងព្រៃ ស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់៕