(សៀមរាប)៖ នំបញ្ចុកទឹកប្រហុកនៅមុខប្រាសាទអង្គរវត្ត កំពុងទាញការចាប់អារម្មណ៍ច្រើនពីសាធារណជន។ បច្ចុប្បន្ន ដ្បិតមានកំណើនអ្នកលក់ និងផ្ទុះជំងឺកូវីដយ៉ាងណាក្ដី ក៏អ្នកលក់នំបញ្ចុកទឹកប្រហុក ដែលភាគច្រើននៅក្នុងភូមិត្រពាំងសេះចាស់ ឃុំគោកចក ខេត្តសៀមរាប ស្ថិតនៅខាងមុខឆៀងខាងជើងប្រាសាទអង្គរវត្ត នៅតែមានអតិថិជនជាហូរហែ មិនដាច់ឡើយ។

ជាអ្នកលក់នំបញ្ចុកទឹកប្រហុកដំបូងគេបង្អស់នៅទីតាំងខាងលើ លោក ស៊ិប ស្រួយ វ័យ ៥១ឆ្នាំ បានចាប់ផ្តើមលក់នំបញ្ចុកច្នៃរសជាតិថ្មីនេះ ប្រមាណ ២ឆ្នាំមកហើយ។ លោកបន្តថា មុនដំបូងលោក និងភរិយា ល្បីថានំបញ្ចុកទឹកប្រហុកនេះឆ្ងាញ់ ហើយក៏ចាប់ផ្តើមសាកធ្វើលក់ ដែលដំបូងធ្វើចំនួនតិច និងដឹកលក់តាមផ្ទះ។ ក្រោយសាកល្បងរយៈពេលប្រហែល ៦ខែ នំបញ្ចុកទឹកប្រហុករបស់លោក ស៊ិប ស្រួយ ទទួលបានការគាំទ្រពីប្រជាពលរដ្ឋកាន់តែច្រើន ដែលសរសើរពីរសជាតិរបស់វា។

នាពេលសព្វថ្ងៃនេះ របរធ្វើនំបញ្ចុកទឹកប្រហុករបស់គ្រួសារលោក ស៊ិប ស្រួយ ទទួលបានការគាំទ្រច្រើន មិនថាថ្ងៃធម្មតា ថ្ងៃចុងសប្តាហ៍ ឬបុណ្យទាននោះទេ។ លោកបន្តថា សព្វថ្ងៃនេះលោកមានកូនឈ្នួលជាង ១០នាក់ ដោយបែងចែកគ្នាធ្វើការតាមមុខការផ្សេងៗ។

លោករៀបរាប់ថា មុនពេលមានជំងឺកូវីដ១៩ លោកលក់នំបានក្នុងមួយថ្ងៃ ២បេអង្ករ គឺស្មើនឹង ៣០០គីឡូក្រាមនំបញ្ចុក។ រីឯការលក់សព្វថ្ងៃអំឡុងជំងឺកូវីដ១៩នេះ បន្ថយមកនៅត្រឹម ១បេកន្លះអង្ករ ឬប្រហែលជាង ១០០គីឡូក្រាបនំបញ្ចុកប៉ុណ្ណោះ។

ក្រៅពីលក់នំបញ្ចុក លោក ស៊ិប ស្រួយ ក៏បន្ថែមលក់ត្រីអណ្តែងអាំង ពងទាកូន ក្រហិត ទឹកអំពៅ និងមានភេសជ្ជៈផ្សេងៗទៀត ដែលជារៀងរាល់ថ្ងៃចាប់ផ្តើមលក់ពីម៉ោង៩ព្រឹក រហូតដល់ម៉ោង៥កន្លះរសៀល។

លោក ស៊ី ខុង អតិថិជនមួយរូបមកពីស្រុកក្រឡាញ់ ជាមួយនឹងក្រុមគ្រួសារ លោកបានប្រាប់ថា រាល់ពេលដែលលោកមកខេត្តម្តងៗ លោកតែងតែមកហូបនំបញ្ចុកទឹកប្រហុកនេះមិនដែលខានឡើយ។

រីឯ លោក សាំង សុខុន មកពីស្រុកបន្ទាយស្រី ប្រាប់ថា ជារឿយៗ លោកតែងតែមកហូបជាមួយមិត្តភក្តិ ដោយសារនំនៅទីនេះឆ្ងាញ់ ហើយមានបន្លែ និងត្រីផ្ទាប់ជាមួយ រឹតតែធ្វើឱ្យនំបញ្ចុកទឹកប្រហុកដែលមានរសជាតិហិរនេះ កាន់តែមានឱជារសឆ្ងាញ់ខុសពីនំធម្មតា។

លោក ស៊ិប ស្រួល ដែលជាម្ចាស់តូបលក់នំបញ្ចុកយីហោ ចែសំណាង បានបញ្ជាក់ថា មូលហេតុតែតូបរបស់លោកមានភ្ញៀវមកហូបច្រើន គឺដោយសារនំបញ្ចុកធ្វើ និងរោយថ្មីៗ ក្តៅៗ និងមានបន្លែស្រស់ទឹកក្ដៅ អនាម័យល្អ សេវាកម្មទាន់ចិត្ត ទើបធ្វើឱ្យអតិថិជនមិនសូវរំលងឡើយនៅពេលជិះកាត់តូបនំបញ្ចុកទឹកប្រហុករបស់លោក៕