(កោះកុង)៖ ខណៈរាជរដ្ឋាភិបាលកំពុងមានវិធានការដើម្បីការពារជំងឺកូវីដ១៩ ជាជំងឺឆ្លងសកល ដើម្បីកុំឲ្យមានការរីករាលដាលឆ្លងចូលក្នុងសហគមន៍ មានជនឆ្លៀតឱកាសលួចកាប់ និងចាក់អាចម៍ដីលុបព្រៃកោងការជាច្រើនហិកតា ស្ថិតនៅឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលជាដែនជម្រកជីវៈចម្រុះមច្ឆាជាតិ និងជាកន្លែងដែលប្រជាពលរដ្ឋប្រកបរបរនេសាទ ទទួលទានប្រចាំគ្រួសារ និងតំបន់អេកូទេសចរណ៍ និងជាតំបន់ការពារចីរភាព។

ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានឲ្យដឹងថា ដីព្រៃកោងកាង ដែលឈ្មួញបានគប់គិតជាមួយមន្រ្តីមូលដ្ឋានបានកាប់បំផ្លាញ ឈូសឆាយ ព្រៃកោងកាង ចាក់ដីលុបព្រៃកោងកាងកាងតូចធំ មិនមែនប្រជាពលរដ្ឋ ឬរាស្រ្តធម្មតានោះទេ គឺសុទ្ធតែអ្នកមានលុយមានអំណាចទើបអាចប្រព្រឹត្តទៅរួច បើរាស្រ្តកាប់តែដើមធ្វើអុស ឬដុតធ្យូងដើម្បីដុតក្នុងគ្រួសារវិញដឹងតែគេចាប់ដាក់គុក ដោយចោទថា កាប់បំផ្លាញព្រៃធម្មជាតិ តែបើឈ្មួញអ្នកមានលុយ និងអ្នកមានអំណាច កាប់បំផ្លាញឈូសឆាយដី ជាសម្បត្តិរបស់រដ្ឋធ្វើជាសកម្មសិទ្ធិ គឺគ្មានសមត្ថកិច្ចណាហ៊ានចាប់ដាក់គុកទេ មានតែបិតភ្នែកបន្ថែមធ្វើមើលមិនឃើញ។

ទាកទិននឹងករណីនេះដែរលោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង និងជាអ្នកនាំពាក្យរដ្ឋបាលសាលាខេត្តនៅ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានអះអាងថា ឈ្មួញដែលបានចាក់ដីលុបព្រៃកោងកាងនេះមានម្ចាស់ឈ្មោះ លាង ហ៊ីម ហៅម៉ាហ្គោល។ ឈ្មួញរូបនេះបានអះអាងថា ខ្លួនបានទិញពីប្រជាជនពលរដ្ឋ និងមេឃុំដីសហគមន៍ ដែលមានទំហំប្រហែល ១២ហិកតា ជាថ្នូរនឹងកាត់ធ្វើផ្លូវលូរំដោះទឹកប្រៃ កុំឲ្យចូលក្នុងស្រែនិងតារាងបាល់ ហើយ១ផ្នែកទៀត មានព្រៃកោងកាងមានទំហំ ៣,៣០២ ម៉ែត្រការ៉េ។

លោក សុខ សុទ្ធី បានអះអាងទៀតថា ពាក់ព័ន្ធនឹងការចាក់ដីរំលោភព្រៃកោងកាងធ្វើជាកម្មសិទ្ធិនេះ អាជ្ញាធរនឹងដកហូតទីតាំងនោះទុកជាសម្បត្តិរដ្ឋវិញ ដោយមិនអនុញ្ញាតឲ្យឈ្មួញយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនបានឡើយ។ ចំពោះដីទំតាំងក្នុងសហគមន៍ដែលបានលក់កន្លងមក ត្រូវចុះសិក្សាឲ្យបានលម្អិតសិន តើដីជាដីរបស់ប្រជាពលរដ្ឋពិតប្រាកដមែន ឬអាជ្ញាធរឃុំជាអ្នកបែងចែក ហើយការចាត់ចែងសមស្របតាមអី្វដែលជារបស់សហគមន៍ឬទេ។

លោកបានបញ្ជាក់ទៀតថា ចំពោះម្ចាស់កម្មសិទ្ធិ ដែលចាក់អាចម៍ដីរំលោកចូលព្រៃកោងកាងនោះ អាជ្ញាធរនឹងបញ្ជាឲ្យគាត់កាយអាចម៍ដីចេញវិញឲ្យអស់ ហើយដាំកូនកោងកាងបំពេញវិញ។ តែចំពោះផ្លូវច្បាប់វិញទុកលទ្ធភាព ព្រះរាជអាជ្ញា ក្នុងការចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្ត៕