(កំពង់ស្ពឺ)៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ លោក សំ រិទ្ធី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ និងក្រុមការងារ បានបន្តនាំយកនូវ សម្ភារ និងថវិកាមួយចំនួនដែលជាអំណោយរបស់លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺប្រគល់ជូនដល់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង/ស្រុក មន្ទីរសុខាភិបាល និងឃុំ/សង្កាត់ទូទាំងខេត្តកំពង់ស្ពឺ ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការគ្រប់គ្រងការធ្វើចត្តាឡីស័ករបស់ប្រជាពលរដ្ឋដែលទើបវិលត្រលប់មកពីធ្វើការនៅក្រៅប្រទេស ក៏ដូចជាអ្នកដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

សម្ភារដែលបានប្រគល់ជូនជាបន្តបន្ទាប់ទាំងនោះ រួមមាន ម៉ាស់ ចំនួន៦០,៥០០ ជែលលាងដៃ៥០០ដប អាល់កុល ១,០០០លីត្រ សាប៊ូ២៥,០៥៦ដុំ ភេសជ្ជៈ២០០កេស និងទឹកបរិសុទ្ធ៨០០កេស ព្រមទាំងថវិកាមួយចំនួន។

ជានិច្ចជាកាល លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ តែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋ ក៏ដូចជាមន្រ្តីរាជការ និងអាជ្ញាធរមូលដ្ឋានដែលកំពុងសស្រាក់សស្រាំប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ ដើម្បីការពារអាយុជីវិត និងសុខភាព ប្រជាពលរដ្ឋ។

ជាមួយនោះ លោក សំ រិទ្ធី ក៏បានផ្តាំផ្ញេីការសាកសួរសុខទុក្ខ និងការថ្លែងអំណរគុណ ពីសំណាក់លោក ហ៊ុន ម៉ានី និងអ្នកតំណាងរាស្រ្តទាំងអស់ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រុមគ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន ដែល កំពុងខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ និងការគ្រប់គ្រងការធ្វើចត្តាឡីស័ករបស់បងប្អូនប្រជាពលរដ្ឋដែលទើបត្រលប់មកពីក្រៅប្រទេស និងអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ៕