(ភ្នំពេញ)៖ វិស័យឯកជននៅកម្ពុជា បានចូលរួមយ៉ាងសស្រាក់ស្រាំជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយបានបរិច្ចាគធនធានយ៉ាងច្រើនសន្ឌឹកសន្ធាប់ ដើម្បីរួមចំណែកក្នុងការលើកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលគ្រោះដោយសារវិបត្តិកូវីដ១៩ បានរាតត្បាតនៅក្នុងសហគមន៍ ជាពិសេសក្នុងព្រឹត្តិការណ៍២០កុម្ភៈ នៅរាជធានីភ្នំពេញ។

ជាក់ស្តែង ក្រុមហ៊ុនព្រីនស៍ហូលឌីងគ្រុប បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគយ៉ាងច្រើនសន្ធឹកសន្ធាប់មក ផ្តល់ជូនរដ្ឋបាលខណ្ឌចំការមន ដើម្បីនាំយកទៅជួយដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតជាង ៨០០គ្រួសារ ដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩។

នៅក្នុងពិធីប្រគល់ និងទទួលអំណោយសប្បុរសធម៌ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ លោក ហ្កាប្រ៊ីល តាន់ ប្រធាននាយកដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាតំណាងក្រុមហ៊ុនព្រីនស៍ ហូលឌីងគ្រុប បានឱ្យដឹងថា នេះគឺជាឱកាសសំខាន់សម្រាប់បង្ហាញការគាំទ្រដល់សហគមន៍ដែលរងគ្រោះដោយសារកូវីដ១៩។

លោកបន្តថា ចាប់តាំងពីការផ្ទុះឡើងនូវព្រឹត្តិការណ៍២០កុម្ភៈមក ខណ្ឌចំការមន បានរងផលប៉ះពាល់យ៉ាងខ្លាំង។ នៅក្នុងគ្រាដ៏លំបាកនេះ មានកើតមាននូវភាពមិនច្បាស់លាស់ ការព្រួយបារម្ភ និងកង្វល់ជាច្រើន។ ក្នុងនាមក្រុមហ៊ុនឯកជន ចាំបាច់ត្រូវទទួលស្គាល់ថា ពួកគេត្រូវបានចាត់ទុកជាសសរស្តម្ភដ៏សំខាន់ សម្រាប់ទ្រទ្រង់ដល់សង្គម និងមានតួនាទីសំខាន់ ដែលត្រូវតែចូលរួមចំណែក ក្នុងការថែរក្សាសហគមន៍ដែលយើងកំពុងស្ថិតនៅនិងប្រតិបត្តិការអាជីវកម្ម។

លោកបញ្ជាក់ថា ក្រុមហ៊ុនបានចាត់វិធានកម្មយ៉ាងឆាប់រហ័ស និងសហការជាមួយសាលាខណ្ឌចំការមន ដើម្បីធ្វើការបរិច្ចាគនេះ ដែលរួមមានសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដូចជា៖ អង្ករ មី និងសម្ភារផ្សេងទៀត ដល់ប្រជាពលរដ្ឋចំនួន ៨០៤គ្រួសារ ដែលត្រូវការជំនួយបន្ទាន់នៅក្នុងសហគមន៍។

ក្រៅពីនេះ យើងក៏បានឧបត្ថម្ភទឹកបរិសុទ្ធ និងភេសជ្ជៈចំនួនរាប់រយកេសទៀតដល់កម្លាំងការពារដែលធ្វើការទាំង២៤ម៉ោង ដោយមិនចេះនឿយហត់នៅតាមគោលដៅ ក្នុងភូមិសាស្ត្រខណ្ឌចំការមន ដើម្បីធានានូវសុខភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ តាមរយៈកិច្ចខិតខំរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់លោកសង្ឃឹមថា ការបរិច្ចាគរបស់នេះ ក្រុមហ៊ុននឹងជួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្ពោះទៅរកគោលដៅចាក់វ៉ាក់សាំងជូនប្រជាជនយ៉ាងតិច៨០% ឬចំនួនជិត១៣លាននាក់។

ក្នុងឱកាសនោះ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ថ្លៃថ្លា របស់ក្រុមហ៊ុនដែលបានបរិច្ចាកធនធានជួយដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតនៅក្នុងសហគមន៍ខណ្ឌចំការមននេះ។ លោកចាត់ទុកអំណោយនេះពិតជាវិសេសវិសាល និងចំពេលវេលាដែលរដ្ឋបាលខណ្ឌ កំពុងត្រូវការសម្ភារៈទាំងនេះ ជួយដល់ប្រជាពលរដ្ឋជាង៨០០គ្រួសារ នៅក្នុងសហគមន៍ ដែលកំពុងជួបបញ្ហាជីវភាពដោយសារកូវីដ១៩។

លោកអភិបាលខណ្ឌសន្យាថា នឹងនាំយកអំណោយទាំងនេះ ទៅជួយដល់ដៃប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជាពិសេសប្រជាពលរដ្ឋក្រីក្រ ទាំង៨០៤គ្រួសារក្នុងសហគមន៍ខណ្ឌចំការមន។ បន្ថែមពីនេះ រដ្ឋបាលខណ្ឌចំការមន បានត្រៀមខ្លួនជានិច្ចក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនព្រីនស៍ ទៅតាមអនុសារណៈយោគយល់គ្នា ដែលបានចុះហត្ថលេខាដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកអគ្គនាយកក្រុមហ៊ុនព្រីសន៍ ហូលឌីង គ្រប់កាលពីពេលកន្លងទៅនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់៕