(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) បានថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២១នេះ បានទទួលជំនួយជាសម្ភារបរិក្ខារអនាម័យសម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ជាច្រើន ពីអង្គការដៃគូអភិវឌ្ឍន៍ សមាគម ក្រុមហ៊ុន និងសប្បុរសជនមួយចំនួន ដើម្បីចែកជូនបន្តដល់មន្ត្រីគយជួរមុខនៅតាមមាត់ច្រកអន្តរជាតិ ក៏ដូចជាមន្ត្រីដែលធ្វើការផ្ទាល់ជាមួយអតិថិជន នៅពេលដែលពួកគេកំពុងបំពេញតួនាទី និងភារកិច្ចក្នុងការគ្រប់គ្រងប្រមូលពន្ធ និងអាករចូលថវិកាជាតិ។

ការទទួលសម្ភារទាំងអស់នេះធ្វើឡើងក្រោមអធិបតីភាពលោក គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងមានការចូលរួមពីតំណាងដៃគូអភិវឌ្ឍន៍ សមាគម ក្រុមហ៊ុន និងសប្បុរសជនមួយចំនួន ព្រមទាំងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

សម្ភារបរិក្ខារអនាម័យទាំងនេះ ត្រូវបានផ្តល់មកអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយដៃគូអភិវឌ្ឍន៍ អង្គការអន្តរជាតិ ក្រុមហ៊ុន ឯកជន និងសប្បុរសជននានា រួមមាន ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ប្រចាំប្រទេសកម្ពុជា (JICA), SwissContact, ក្រុមហ៊ុន Huawei Cambodia, សមាគមអ្នកលក់យានយន្តនៅកម្ពុជា (CADA), ក្រុមហ៊ុន HGB Group, RMA, Unilever (Cambodia) Limited, Lion Logistics, Safron Logistics, Prosperity SeaLandAir Services, Manhattan International, Medtecs (Cambodia), Trikud Dry Port, Tec Srun Import Export & Transport, ក្រុមហ៊ុន ហុង ឡេង ហួរ គ្រុប, PANEFFORT (CAMBODIA) GARMENT, Jianxi 3L Medical Products Group (Cambodia), WINSUN (CAMBODIA), P P S E C COMPANY LIMITED, ចាន់ធូ មានជ័យ អង្គរ សុខ សែនជ័យ, លោក Daisuke NAGANO (អ្នកជំនាញការ JICA ប្រចាំ អគរ) និងសប្បុរជនមួយចំនួនទៀត។

អំណោយជាសម្ភារបរិក្ខារអនាម័យដែលសប្បុរសជនបានផ្ដល់ជូនអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៅពេលនេះ រួមមាន៖
* ម៉ាស ៦០០,៨០០ បន្ទះ
* ជែលលាងដៃ ៧,៦០៦ ដប
* អាល់កុលលាយរួច ១,៦៥០ លីត្រ
* អេតាណុល ២,១០០ លីត្រ
* ទឹកសម្លាប់មេរោគ ៤៩៥ ដប
* ម៉ាស៊ីនវាស់កម្តៅមានជើងបញ្ឈរ ១០ គ្រឿង
* ស្រោមដៃពេទ្យ ១៥,០០០ គូ។

លោក គុណ ញឹម បានគូសបញ្ជាក់ថា អំណោយជាសម្ភារបរិក្ខារអនាម័យទាំងនេះ មានសារៈសំខាន់ណាស់ក្នុងការជួយដល់មន្ត្រីគយជួរមុខនៅតាមមាត់ច្រកអន្តរជាតិ ដូចជា ច្រកព្រំដែនដីគោក កំពង់ផែអន្តរជាតិ អាកាសយានដ្ឋានអន្តរជាតិ ក៏ដូចជាមន្ត្រីដែលធ្វើការផ្ទាល់ជាមួយអតិថិជន ក្នុងការការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ នៅពេលដែលពួកគេកំពុងបំពេញតួនាទី និងភារកិច្ចក្នុងការគ្រប់គ្រងប្រមូលពន្ធ និងអាករចូលថវិកាជាតិ។

គួរបញ្ជាក់ថា កាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២០ កន្លងទៅ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានទទួលឧបករណ៍ និងសម្ភារអនាម័យមួយចំនួនពីអង្គការ UNDP និងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ហើយបានបែងចែក និងកំពុងប្រើប្រាស់នៅអង្គភាពគយ និងរដ្ឋាករមួយចំនួន៕