(សៀមរាប)៖ កម្លាំងនគរបាលស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានរៀបចំសំណុំរឿងបញ្ជូនបុរសម្នាក់ ទៅតុលាការ បន្ទាប់ពីរកឃើញថា បុគ្គលរូបនេះលួចកាត់ខ្សែភ្លើងតាមបង្គោលភ្លើងជាច្រើនលើកក្នុងភូមិសាស្រ្ដស្រុកប្រាសាទបាគង និងស្រុកបន្ទាយស្រី។

ជនសង្ស័យរូបនេះ មានឈ្មោះ កែក កាយ អាយុ ២១ឆ្នាំ រស់នៅភូមិត្នោត ឃុំអំពិល ស្រុកប្រាសាទបាគងខេត្តសៀមរាប។ ជនសង្ស័យបានធ្វើសកម្មភាពកាត់ខ្សែភ្លើងនៅយប់ថ្ងៃទី១៦ ខែមីនា។

ជនសង្ស័យ កែក កាយ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចខ្សែភ្លើងនៅចំណុចភូមិស្នារតេជោ៣១៧ ឃុំបល្ល័ង្ក ស្រុកប្រាសាទពិតមែន។ ជនសង្ស័យបានសារភាពដែរថា រូបគេធ្លាប់ធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងនេះចំនួន ១១លើកមកហើយ នៅក្នុងទឹកដីស្រុកប្រាសាទបាគង និងស្រុកបន្ទាយស្រី។

លោក កែក កាយ បានបញ្ជាក់ថា រាល់សម្ភារៈដែលរូបគេលួចបាន គឺយកទៅលក់ឱ្យតាទិញអេតចាយ ដែលកន្លងមកខ្លួនមិនស្គាល់ឈ្មោះ គ្រាន់តែស្គាល់មុខ និងទីតាំងនៅស្វាយធំ។

ទន្ទឹមនឹងការឃាត់ខ្លួនជនលួចកាត់ខ្សែភ្លើងនេះ អាជ្ញាធរក៏បានឈានទៅឃាត់ខ្លួនបុរសម្នាក់ទៀតឈ្មោះ ហេង ហៃ ភេទប្រុស កើតឆ្នាំ១៩៦៦ នៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ពីបទទទួលផលចោរកម្ម៕