(ភ្នំពេញ)៖ ការប្រមូលចំណូលពន្ធលើវិស័យកាស៊ីណូ ក្នុងឆ្នាំ២០២០ សម្រេចបានថវិកា ៤០លានដុល្លារ ធ្លាក់ចុះជាង៥០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ដែលកាលនោះសម្រេចបានរហូតដល់៨៥លានដុល្លារ។ នេះបើតាមការឲ្យដឹងពីលោក រស់ ភិរុណ អគ្គនាយរងនៃអគ្គនាយកដ្ឋានឧស្សាហកម្ម នៃក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ។

មន្រ្ដីជាន់ខ្ពស់រូបនេះបញ្ជាក់ថា ការធ្លាក់ចុះនៃការប្រមូលចំណូលពន្ធ លើវិស័យកាស៊ីណូឆ្នាំ២០២០នេះ ដោយសារតែការផ្ទុះឡើងនៃជំងឺកូវីដ១៩ ជាសាកល ដែលបង្កផលប៉ះពាល់លើវិស័យនានា ក្នុងនោះបានប៉ះពាល់ដល់ប្រតិបត្តិការរបស់វិស័យកាស៊ីណូ។

លោក រស់ ភិរុណ បានថ្លែងបញ្ជាក់ថា «ការប្រមូលចំណូលក្នុងឆ្នាំ២០២០ បានប្រមាណ៤០លានដុល្លារ ធ្លាក់ចុះជាង៥០ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ដែលសម្រេចបាន៨៥លានដុល្លារ។ ក្នុងឆ្នាំ២០២១ នេះយើងមិនទាន់មានសញ្ញាណា អាចប្រមូលចំណូលបានពីវិស័យ កាស៊ីណូនេះឡើងវិញឡើយ ព្រោះជំងឺកូវីដ១៩ កំពុង និងបន្តរាតត្បាតនៅឡើយ ដែលបណ្តាលឲ្យអាជីវកម្មកាស៊ីណូ មិនអាចដំណើរការបាន»

មន្រ្ដីជាន់ខ្ពស់រូបនេះឲ្យដឹងថា ក្នុងឆ្នាំ២០២០ រាជរដ្ឋាភិបាល បានសម្រេចផ្អាកការប្រតិបត្តិការ របស់វិស័យកាស៊ីណូ ដោយសារបញ្ហានៃជំងឺកូវីដ១៩។ ការផ្អាកដំណើរការនេះ សម្រេចនៅដើមខែមេសា ឆ្នាំ២០២០ ហើយនៅក្នុងអំឡុងខែសីហា និងខែកញ្ញា ត្រូវនឹងត្រីមាសទី៤ មានការស៊ីណូមួយចំនួនតូច បានដំណើរការឡើងវិញ ហើយឆ្នាំ២០២១នេះក៏មានការបិទ និងបើកយ៉ាងរដាក់រដុប។

លោក រស់ ភិរុណ បានបញ្ជាក់យ៉ាងលម្អិតផងដែរ អំពីការប្រមូលពន្ធលើវិស័យកាស៊ីណូ ក្នុងឆ្នាំ២០២១នេះថា សម្រាប់ឆ្នាំ២០២១នេះ ការប្រមូលចំណូលពន្ធ នឹងធ្វើឡើងតាមរយៈច្បាប់ស្ដីពី ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដែលទើបទទួលបានការអនុម័តដាក់ឲ្យប្រើប្រាស់ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយអនុវត្តន៍ពីឆ្នាំ២០២១នេះទៅ។ ច្បាប់នេះតម្រូវឲ្យការប្រមូលចំណូលពីវិស័យល្បែងនេះ គឺប្រមូលតាមរបរពិតមានន័យថា ក្រុមហ៊ុនកាស៊ីណូ ត្រូវប្រកាសដោយស្វ័យប្រកាស ក្នុងករណីដំណើរការត្រូវស្វ័យប្រកាស ប៉ុន្ដែក្នុងចាប់ផ្ដើមបែបនេះ គឺក្រុមហ៊ុនប្រតិបត្តិករទាំងអស់ មិនទាន់បានធ្វើស្វ័យប្រកាសនោះទេ ព្រោះការចាប់ផ្ដើមភ្លាមធ្វើភ្លាម គឺមិនអាចធ្វើបាននោះទេ ដូច្នេះការធ្វើស្វ័យប្រកាសនេះ អាចរហូដល់ឆ្នាំ២០២២ និងស្របពេលដែលកាស៊ីណូមួយចំនួនធំបន្ដបិទទ្វារនៅឡើយ។

លោកបានបញ្ជាក់ថា រហូតមកដល់ពេលនេះ មិនទាន់មានកាស៊ីណូណាមួយ ស្នើបើកអាជីវកម្មវិញឡើយ។ ក្នុងនោះណាហ្គាលវើល បានស្នើបិទដំណើរការអាជីវកម្មទាំងស្រុង ដោយសារតែការផ្ទុះឡើងនៃជំងឺកូវីដ១៩៕