(បន្ទាយមានជ័យ)៖ លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន, លោក អ៉ំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ បានប្រគល់ដីកម្មសិទ្ធិដែលទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក ជូនប្រជាពលរដ្ឋជាង ២០គ្រួសារ ឱ្យមានសិទ្ធិកាន់កាប់ និងអាស្រ័យផល លើដីរបស់ខ្លួនឡើងវិញ ក្រោយមានក្រុមការងារខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន និងក្រុមការងារសាលាខេត្តបន្ទាយមានជ័យ បានដោះស្រាយបញ្ចប់វិវាទ តាមបែបឈ្នះឈ្នះ។

លោកអភិបាលខេត្ត បានសម្តែងការអបអរសាទរ ចំពោះប្រជាពលរដ្ឋ ដែលទទួលបានសិទ្ធិកាន់កាប់ និងអាស្រ័យផលលើដីរបស់ខ្លួនឡើងវិញ នៅចំណុចបឹងជង្រុក និង៦៧១ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ បន្ទាយមានជ័យ ជាមួយនឹងឯកសារទទួលស្គាល់ ដោយអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ប៉ាន់ខែម ប៊ុនថន ដែលបានចុះមកជួយដោះស្រាយបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃ តាមបែបឈ្នះឈ្នះជូនប្រជាពលរដ្ឋ។

ក្នុងនាមអាជ្ញាធរខេត្តបន្ទាយមានជ័យ លោកអភិបាលខេត្ត នឹងប្រឹងប្រែងពន្លឿនការអភិវឌ្ឍតំបន់នេះ ឱ្យបានលឿនបំផុត ពិសេសការជំរុញឱ្យភ្លើងអគ្គិសនី និងទឹកស្អាត ដែលជាមូលដ្ឋាននៃការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋ។

លោក ប៉ាន់ខែម ប៊ុនថន ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការទប់ស្កាត់ បង្ការការឆ្លងរាលដាល ជំងឺកូវីដ១៩ (COVID-19) តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល។

លោក ប៉ាន់ខែម ប៊ុនថន ក៏បានកោតសរសើរខ្ពស់ចំពោះកិច្ចសហការប្រកបដោយប្រសិទ្ធភាព របស់ក្រុមការងារសាលាខេត្តបន្ទាយមានជ័យ និងបញ្ជាការឯកភាព ខេត្តបន្ទាយមានជ័យ ដែលបានជួយធ្វើឱ្យការដោះស្រាយមានដំណើរយ៉ាងល្អប្រសើររហូតឈានមកដល់ចំណុចជោគជ័យដូចថ្ងៃនេះ។ ពិសេសថ្លែងអំណរគុណ ចំពោះលោកឧត្តមសេនីយ៍ បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលបានផ្តល់កងកម្លាំង និងរថយន្តសម្រាប់ជួយរើរុះ និងដឹកជញ្ជូនសម្ភារៈ ប្រជាពលរដ្ឋ។

លោក ប៉ាន់ខែម ប៊ុនថន បានបញ្ជាក់ឱ្យដឹងថា ចំពោះហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីតាំងចំណុចអភិវឌ្ឍភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺកំពុងមានដំណើរការយ៉ាងសកម្មជារៀងរាល់ថ្ងៃ។ បន្ថែមលើនេះក្រុមការងារបាននិងកំពុងបន្តសហការយ៉ាងជិតស្និទ្ធ ជាមួយស្ថាប័នអ្នកច្បាប់ ដើម្បីចាត់វិធានការច្បាប់ឱ្យខាងតែបានចំពោះជនខិលខូចទាំងឡាយណា ដែលមានសកម្មភាពញុះញង់ បំភ្លៃការពិត ឬឆបោកប្រជាពលរដ្ឋ៕