(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកស្រី នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ បាននាំអំណោយ និងសម្ភារមួយចំនួនចែកជូនដល់ប្រជាពលរដ្ឋដែលមកពីប្រទេសថៃ នៅកន្លែងធ្វើចត្តាឡីស័ក ក្នុងវិទ្យាល័យ ហ៊ុន សែន កំពង់លាវ ព្រមទាំងបានបែងចែកអំណោយសម្ភារជាច្រើនផ្សេងទៀត ដល់បណ្តាអាជ្ញាធរក្រុង ស្រុកទាំង១៣ ដើម្បីជួយឧបត្ថម្ភកន្លែងធ្វើចត្តាឡីស័កក្នុងស្រុករបស់ខ្លួននីមួយៗ។

សូមបញ្ជាក់ផងថា ទាំងអស់នេះ ជាអំណោយដ៏ថ្លៃថ្លាដែលកើតចេញការផ្តួចផ្តើមពីភរិយាលោកអភិបាលខេត្ត និងការគៀរគងសប្បុរសជននានា ដើម្បីជួយសម្រួលដល់ការលំបាកខ្លះៗ ដែលប្រជាពលរដ្ឋវិលត្រឡប់ពីប្រទេសថៃ ដែលកំពុងត្រូវធ្វើចត្តាឡីស័កនាពេលនេះ។ នេះជាកាយវិការ និងទឹកចិត្តដ៏ស្មោះសរបស់សប្បុរសជនទាំងអស់ ដែលមានសទ្ធាជ្រះថ្លា តែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងសុខុមាលភាពរបស់ពលករដែលមកធ្វើចត្តាឡីស័ក ទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ ក៏ត្រូវខិតខំជួយបងប្អូនឱ្យអស់លទ្ធភាព។

ឆ្លៀតនៅក្នុងឱកាសនោះដែរ លោក ជា សុមេធី បានអំពាវនាវដល់បងប្អូនពលករទាំងអស់ និងបណ្តាអាជ្ញាធរក្រុង-ស្រុក ធ្វើការផ្សព្វផ្សាយបន្តដោយសូមចូលរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩ រាតត្បាតចូលក្នុងសហគមន៍ តាមរយៈវិធានការ «៣ការពារ និង៣កុំ» ចំណុចនេះជាការចូលរួមប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល និងអនុវត្តនូវវិធានការ និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល៕