(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាល ខេត្តព្រះវិហារ បានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ កាល់ពីដើមខែមីនាកន្លងទៅ សូមមកទទួលការចាក់វ៉ាក់សាំងដូសទី២ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។

លោកប្រធានមន្ទីរសុខាភិបាលខេត្ត ក៏បានបញ្ជាក់ពីពេលវេលាសម្រាប់អ្នកដែលដល់ពេលកំណត់ក្នុងការមកទទួលវ៉ាក់សាំងដូសទី២ គឺត្រូវមានរយៈពេលចន្លោះពី១៤ថ្ងៃ ហើយការចាក់នេះ ធ្វើឡើងនៅតាមទីតាំងចំនួន២កន្លែង គឺមន្ទីរពេទ្យបង្អែក ១៦ មករា ខេត្តព្រះវិហារ និងមន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត ស្ថិតក្នុងស្រុកជាំក្សាន្ត។ យុទ្ធនាការនេះចាប់ផ្តើមពីម៉ោង៨ព្រឹក ដល់ម៉ោង១១កន្លះថ្ងៃត្រង់ និងចាប់ពីម៉ោង២ ដល់ម៉ោង៤ ជារៀងរាល់ថ្ងៃ។

ប្រធានមន្ទីរសុខាភិបាលខេត្ត ក៏បានរំឮកដល់អ្នកដែលបានចាក់វ៉ាក់សាំងដូសទី២ បើទោះបីបានចាក់រួចក៏ពិតមែន ប៉ុន្តែ កុំភ្លេចអនុវត្តតាមវិធានសុខាភិបាល គឺរក្សាអនាម័យ ដោយបន្តលាងសម្អាតដៃជាមួយទឹកអាល់កុល សាប៊ូ ឬជែល រក្សាគម្លាតសង្គម និងអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ៣កុំ និង ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន។

សូមបញ្ជាក់ថា អ្នកមកទទួលការវ៉ាក់សាំងត្រូវភ្ជាប់មកជាមួយបណ្ណចាក់វ៉ាក់សាំងលើកទី១ ករណីមកយឺតយ៉ាវ ឬលើសថ្ងៃដែលបានកំណត់បន្ទាប់ពីបានចាក់ដូសទី១ និងមិនអាចចាក់ដូសទី២បានទេ៕