(ក្រចេះ)៖ លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ បានរៀបចំពិធីចាប់ឆ្នោតជ្រើសរើសឡូតិ៍ដីកសិកម្ម ជូនសមាគមអតីតយុវជនកម្ពុជាខេត្តក្រចេះ នៅទីតាំងសម្បទានដីសង្គមកិច្ច ដែលត្រូវប្រគល់ជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារអតីតយុវជនក្នុងខេត្ត ចំនួន៣៦គ្រួសារ ស្ថិតក្នុងភូមិសំបួរសែនជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។

ក្នុងពិធីនោះដែរ មានការចូលរួមពីលោកប្រធានមន្ទីរ ប្រធានរៀបចំដែនដី លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តលោកស្នងការរងនគរបាលខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងក្រចេះ លោកអភិបាលស្រុកស្នួល ព្រមទាំង អាជ្ញាធរស្រុកឃុំជាច្រើននាក់ទៀត។

លោក គង់ គឹមនី បានបន្តថា ដីកសិកម្ម ដែលរៀបចំចាប់ឆ្នោតជ្រើសរើសនាពេលនេះ មានចំនួន១ហិកតា ដោយក្នុងមួយគ្រួសារសម្រាប់ដីធ្លីដែលបានចែកជូនប្រជាពលរដ្ឋនេះ គឺមិនអនុញ្ញាតឱ្យលក់ដូរនោះទេ គឺតម្រូវឱ្យបងប្អូនដាំដុះដំណាំកសិកម្ម ដើម្បីទ្រទ្រងជីវភាព។

លោអភិបាលរងខេត្ត ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ជូនដល់អតីតយុទ្ធជន ដែលរស់នៅទីនេះទាំងអស់គ្នា និងផ្តាំផ្ញើដល់បងប្អូនត្រូវចេះប្រុងប្រយត្ន័ការពារខ្លួនពីជំងឺកូវីដ-១៩ និងខិតខំប្រឹងប្រែងបំពេញការងារដែលមានស្រាប់ ដើម្បីជួយដល់ជីវភាពគ្រួសារ និងត្រូវចេះសាមគ្គីគ្នាពេលមានធុរៈ ដោយមិនប្រកាន់ ពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយឡើយ។

លោកក៏បានណែនាំឱ្យអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធត្រូវអនុវត្តតាមច្បាប់ លិខិតបទដ្ឋានគតិយុទ្ធជាធរមាន ព្រមទាំងបទបញ្ជា របស់រាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធិភាព និងមានមនសិការទទួលខុសត្រូវខ្ពស់ ការពារកុំឱ្យមានការចូលកាន់កាប់ទន្ទ្រានដីរដ្ឋ បោះបង្គោលលើដីរដ្ឋថ្មីៗត្រូវហាមឃាត់ ជាដាច់ខាត ដើម្បីថែរក្សាទ្រព្យសម្បត្តិធម្មជាតិរបស់ប្រទេសជាតិឱ្យមានចីរភាពតជំនាន់ទៅអនាគត៕