(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ បានទទួលម៉ាសចំនួន ២៥.០០០ម៉ាស ជាអំណោយរបស់ក្រុមហ៊ុនខ្មែរភូលវែលហ៊្វែឡូធើរី ខូអិលធីឌី និងថវិកាចំនួន ២លានរៀល ពីក្រុមហ៊ុនដីឡូតិ៍បឹងស្នាយ ដើម្បីចូលរួមប្រយុទ្ធ ប្រឆាំងនឹង ជំងឺកូវីដ-១៩។

លោក អ៊ុន ចាន់ដា បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន ដែលបានឧបត្ថម្ភជាថវិកា និងសម្ភារៈដើម្បីចូលរួមក្នុងវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម ដែលកំពុងមានតម្រូវការចាំបាច់ សម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ ជាពិសេសផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងអ្នកចំណូលស្រុក ដែលកំពុងស្នាក់នៅធ្វើចត្តាឡីស័ក តាមមណ្ឌលចត្តាឡីស័ក ក្នុងខេត្តកំពង់ចាមផងដែរ។

សូមបញ្ជាក់ថា ដើម្បីបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ក្នុងខេត្តកំពង់ចាម រដ្ឋបាលខេត្តបានរៀបចំមណ្ឌលសម្រាប់អ្នកធ្វើចត្តាឡីស័ក ដែលមានដូចជា៖

ទី១៖ ក្នុងក្រុងកំពង់ចាម ២កន្លែង អាចទទួលអ្នកធ្វើចត្តាឡីស័កបាន ១,០០០នាក់ ។
ទី២៖ នៅស្រុកចំការលើ ៣កន្លែង អាចទទួលអ្នកធ្វើចត្តាឡីស័កប្រមាណ ២៥០នាក់។
ទី៣៖ នៅស្រុកព្រៃឈរ ០១កន្លែង អាចទទួលអ្នកធ្វើចត្តាឡីស័កប្រមាណ ៦០នាក់។
ទី៤៖ នៅស្រុកជើងព្រៃ ០១កន្លែង អាចទទួលអ្នកធ្វើចត្តាឡីស័កប្រមាណ ៨០នាក់។
ទី៥៖ នៅស្រុកបាធាយមាន ០១កន្លែង អាចទទួលអ្នកធ្វើចត្តាឡីស័កប្រមាណ ៦០នាក់។
ទី៦៖ ស្រុកកំពង់សៀម ០១កន្លែង អាចទទួលអ្នកធ្វើចត្តាឡីស័កប្រមាណ ៥០នាក់។
ទី៧៖ ស្រុកកងមាស ០២កន្លែង អាចទទួលអ្នកធ្វើចត្តាឡីស័ក ប្រមាណ ៧០នាក់។
ទី៨៖ ស្រុកស្រីសន្ធរ ០១កន្លែង អាចទទួលអ្នកធ្វើចត្តាឡីស័កប្រមាណ ២០នាក់។
ទី៩៖ ស្រុកកោះសូទិន ០២កន្លែង អាចទទួលអ្នកធ្វើចត្តាឡីស័កប្រមាណ ៣០នាក់។
ទី១០៖ និងស្រុកស្ទឹងត្រង់ ០១កន្លែង អាចទទួលអ្នកធ្វើចត្តាឡីស័កប្រមាណ ២០នាក់ផងដែរ៕