(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា បានចេញសេចក្តីថ្លែងការណ៍សម្តែងនូវការខកចិត្តយ៉ាងខ្លាំង ចំពោះសេចក្តីសម្រេចចិត្តរបស់សភាអឺរ៉ុប នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ស្តីពីការជំនុំជម្រះក្តីប្រឆាំងនឹងជនល្មើសច្បាប់នៅកម្ពុជា ២០២១/២៥៧៩ (RSP)។ នេះបើតាមសេចក្តីថ្លែងការណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១។

សេចក្តីថ្លែងការណ៍របស់រដ្ឋសភាកម្ពុជា មានខ្លឹមសារសំខាន់ៗ ៤ចំណុចរួមមាន៖

១៖ ក្នុងនាមជារដ្ឋឯករាជ្យ និងអធិបតេយ្យ ប្រទេសកម្ពុជាមានសិទ្ធិអនុវត្តនូវគោលនយោបាយស្វ័យសម្រេចរបស់ខ្លួនដើម្បីការពារផលប្រយោជន៍ជាតិ រួមទាំងសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់ប្រទេស។ យើងខ្ញុំមិនអាចអត់អោនបានឡើយចំពោះរាល់ចេតនា និងសកម្មភាពទាំងឡាយណាដែលមានបំណងបង្កការរំខានដល់សុខសន្តិភាព និងស្ថេរភាពដែលខិតខំរកបានដោយលំបាករបស់កម្ពុជា។

២៖ ការជំនុំជម្រះក្តីជនល្មើសដែលជាប់ពាក់ព័ន្ធនឹង «ផែនការក្បត់នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩» គឺធ្វើឡើងស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធរបស់ប្រទេស ដែលសម្រាប់ពង្រឹងនីតិរដ្ឋ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ រាល់ការប៉ុនប៉ងរៀបចំផែនការបះបោរ តាមរយៈការប្រើប្រាស់ភាសាបរិហារកេរ្តិ៍ញុះញង់ឱ្យមានអំពើហិង្សា ក៏ដូចជាការអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធ ក្រោកឈរដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ គឺជាទង្វើខុសច្បាប់ និងត្រូវតែធ្វើការថ្កោលទោសជាដាច់ខាត។

៣៖ បន្ទាប់ពីមានការជាប់ពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលនៅក្នុងសោកនាដកម្មកាលពីអតីតកាលរបស់ប្រទេសកម្ពុជា តាមរយៈការផ្តល់ការគាំទ្រដល់របបប្រល័យពូជសាសន៍ខ្មែរក្រហម និងការដាក់ទណ្ឌកម្មប្រឆាំងរដ្ឋាភិបាលមួយ ដែលបានជួយរំដោះប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ មានប្រទេសជាច្រើនក្នុងសហគមន៍អន្តរជាតិ រួមមាន សហគមន៍អឺរ៉ុបផងដែរ បានជួយពាំនាំសុខសន្តិភាព លទ្ធិប្រជាធិបតេយ្យ វឌ្ឍនភាពសង្គម និងវិបុលភាពសេដ្ឋកិច្ចដល់ព្រះរាជាណាចក្រកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ គួរតែត្រូវបានធ្វើឱ្យប្រសើរថែមទៀត ជាជាងវិលត្រឡប់ទៅរកកំហុសដដែលៗ ដូចពីសម័យអតីតកាល។

៤៖ ប្រជាធិបតេយ្យរូបនីយ៍កម្មនៅកម្ពុជាកំពុងរីកចម្រើនទៅមុខជាលំដាប់ ហើយមិនអាចវិលត្រឡប់ថយក្រោយបានឡើយ ដូចដែលបានឆ្លុះបញ្ចាំងនៅក្នុងទិដ្ឋភាពប្រជាធិបតេយ្យដែលកំពុងវិវត្តទៅមុខជានិច្ច ដែលបានគ្របដណ្តប់លើគ្រប់គណបក្សនយោបាយទាំងអស់ ដែលមាននិន្នាការ និងគោលដៅផ្សេងៗគ្នា សង្គមស៉ីវិលរីកចម្រើនមួយ សហជីពពាណិជ្ជកម្ម និងប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ។

រដ្ឋសភាកម្ពុជា បានសង្កត់ធ្ងន់ៗយ៉ាងដូច្នេះថា៖ «យើងខ្ញុំសូមជំរុញឱ្យសភាអឺរ៉ុប មេត្តាវាយតម្លៃប្រកបដោយសត្យានុម័តចំពោះការវិវត្តន៍នយោបាយនៅកម្ពុជា និងសូមបន្តចូលរួមសិក្សាស្វែងយល់អំពីក្រុមបក្សនយោបាយទាំងអស់នៅកម្ពុជា ដោយឈរលើគោលការណ៍ នៃការជឿទុកចិត្តគ្នា ការគោរពគ្នា និងផលប្រយោជន៍ទៅវិញទៅមក»

សូមជម្រាបថា សភាអឺរ៉ុបកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចមួយទាក់ទងនឹងស្ថានភាពប្រទេសកម្ពុជា។ ក្នុងនោះសភាអឺរ៉ុប បានទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការកាត់ក្តីជាលក្ខណៈនយោបាយ ដោះលែងសកម្មជនកំពុងជាប់ឃុំ ធ្វើឲ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ និងបញ្ឈប់ការវាយប្រហារមកលើសង្គមស៉ីវិល ក្រុមអ្នកការពារសិទ្ធិមនុស្ស និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាដើម៕