(បន្ទាយមានជ័យ)៖ ដើម្បីចូលរួមបង្ការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ (COVID-19) សប្បុរសជនក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាននាំយកអាល់កុល ២ពីដុង (៦០លីត្រ) ម៉ាស់ ២កេសធំ (៥០០ម៉ាស់) មី១០កេសធំ ភេសជ្ជៈ ៤០កេស និងទឹកសុទ្ធ១៥០យួរ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ប្រគល់ជូន និងសួរសុខទុក្ខ ក្រុមការងារខុទ្ទកាល័យ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលដឹកនាំដោយលោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្រ្តី និងក្រុមការងារ សាលាខេត្តបន្ទាយមានជ័យ ដែលកំពុងប្រចាំការ និងដឹកនាំការអភិវឌ្ឍភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

ក្រោយពេលលោក ប៉ាន់ខែម ប៊ុនថន ដឹកនាំក្រុមការងារខុទ្ទកាល័យ សម្តេចតេជោនាយករដ្ឋមន្រ្តី សហការជាមួយក្រុមការងារសាលាខេត្តបន្ទាយមានជ័យ បានដោះស្រាយបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃជាង២០ឆ្នាំ តាមបែបឈ្នះឈ្នះ ក្នុងខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ ចំណុចបឹងជង្រុក ក៏ត្រូវបានដំណើរការអភិវឌ្ឍ ជាបន្តបន្ទាប់ភ្លាមរួមមាន ផ្លូវខ្វែងខ្វាត់ សាលារៀន មណ្ឌលសុខភាព ស្នាក់ការសន្តិសុខអាវុធហត្ថ ស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាល ស្នាក់ការកាកបាទក្រហម ស្នាក់ការភូមិ ស្រះទឹក និងវត្តអារាម ជាដើម។

សមិទ្ធផលទាំងនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាចំណងដៃជូនបងប្អូន ប្រជាពលរដ្ឋភូមិបឹងជង្រុកតេជោឈ្នះឈ្នះ តាមរយៈលោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ក្នុងឱកាសនោះ លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី ជួសមុខឲ្យក្រុមការងារទាំងអស់គ្នា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនសប្បុរសជនមកក្រុងប៉ោយប៉ែត ដែលបាននាំយកអំណោយមកជូន និងបានមកសួរសុខទុក្ខក្រុមការងារដោយផ្ទាល់ ដល់ចំណុចអភិវឌ្ឍភូមិបឹងជង្រុកតេជោឈ្នះឈ្នះ។

ជាមួយគ្នានេះ លោក ប៉ាន់ខែម ប៊ុនថន ក៏បានថ្លែងក្រើនរំលឹកដល់សប្បុរសជន និងប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសរួមគ្នាអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ តាមអនុសាសន៍ណែនាំ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ (COVID-19) ទាំងអស់គ្នា៕