(បន្ទាយមានជ័យ)៖ កម្លាំងសមត្ថកិច្ចខេត្តបន្ទាយមានជ័យ បានចុះស្រាវជ្រាវបង្ក្រាបករណីនាំមនុស្សឆ្លងដែនខុសច្បាប់ នៅក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ ដោយបានធ្វើការឃាត់ខ្លួនមេខ្យល់ ២នាក់ ដែលលួចនាំពលករចំនួន ១៤នាក់ ឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់។

ប្រតិបត្តិការ បានធ្វើឡើងនៅវេលាម៉ោង៧យប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ដោយកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ សហការជាមួយមន្ត្រីជំនាញនាយកដ្ឋានសន្តិសុខផ្ទៃក្នុង កម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ និងកងរាជអាវុធហត្ថស្រុកម៉ាឡៃ ក្រោមការដឹកនាំរបស់ ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង។

លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាល ស្រុកម៉ាឡៃ បានឲ្យដឹងថា ជនសង្ស័យជាមេខ្សល់ទាំង២នាក់ រួមមាន៖

* ១៖ ឈ្មោះ ចក់ វី ហៅ ០៩ ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅ ភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាមេក្លោង
* ២៖ ឈ្មោះ យ៉ាត ប៊ុននី ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិត្រពាំងជរ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។

មេខ្យល់ទាំង២នាក់នេះ បាននាំពលករប្រុស ស្រីចំនួន១៤នាក់ យកមកលាក់ខ្លួននៅក្នុងផ្ទះសំណាក់ ម៉ី ម៉ី ស្ថិតនៅភូមិដូង ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីត្រៀមលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ នៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។ ចំណែកឈ្មោះ អោម ចាន់រ៉ា ភេទប្រុស អាយុ៦៣ឆ្នាំ ជាម្ចាស់ផ្ទះសំណាក់ ម៉ី ម៉ី មិនសហការជាមួយសមត្ថកិច្ច ដែលបានផ្តល់ទីតាំងឲ្យមេខ្យល់លាក់ពលករ។

លោកអធិការបានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ និងម្ចាស់ផ្ទះសំណាក់ កំពុងធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរៀបចំសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិច្បាប់។ ដោយឡែក ពលករទាំង១៤នាក់ កំពុងធ្វើការសាកសួរនៅអធិការដ្ឋាន៕