(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានថ្លែងឲ្យដឹងថា ទំនាស់ដីធ្លី ៦៣៧ករណី ត្រូវបានសម្របសម្រួល​និងដោះស្រាយបញ្ចប់​នៅក្នុងឆ្នាំ២០១៥​​កន្លង​ទៅនេះ។

ថ្លែងនៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៥ និងលើកទិសដៅការងារឆ្នាំ២០១៦ របស់ក្រសួងរៀបចំដែនដី​នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី២​៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានឲ្យដឹងថា ក្នុងចំណោមទំនាស់ដីធ្លីទាំង ៦៣៧ករណីនេះ មាន ៣៧៦ករណី ត្រូវបានដោះស្រាយដោយជោគជ័យ ១៩២ករណី ត្រូវបានច្រានចោល និង ៦៩ករណី ត្រូវបានភាគីវិវាទ​សុំដកពាក្យបណ្តឹង។

លោក ប៊ិន ឈិន បានឲ្យដឹងផងដែរថា ក្នុងចំណោមវិវាទខាងលើ ក្រុមដោះស្រាយទំនាស់ចល័តបានដោះស្រាយវិវាទ​បានចំនួន ៤៩៩ករណី ស្មើនឹង ៧៨,៣៨ភាគរយ។

នៅក្នុងសន្និបាតបូកសរុបការងាររបស់ក្រសួង​រៀបចំដែន​ដីនាព្រឹកមិញនេះ លោក ប៊ិន ឈិន ក៏បានគូសបញ្ជាក់​នូវសមិទ្ធផលជាច្រើន​ទៀត ដែលក្រសួងសម្រេចបាននាឆ្នាំ២០១៥ លើការងារនគរូប​នីយកម្ម ដែលផ្សារភ្ជាប់​នឹងការងារសំណង់ ការងារសម្បទានដីសង្គមកិច្ច ការងាររដ្ឋបាលទូទៅ ពិសេសទាក់ទងការកែ​ទម្រង់រដ្ឋបាលសាធារណៈ រួមមានការងារ​ហិរញ្ញវត្ថុ ការងារច្រកចេញ-ចូលតែមួយ ការងារសេវាសាធារណៈ ការងារបុគ្គលិក។

សម្រាប់ឆ្នាំ២០១៦ លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានជំរុញឲ្យមន្រ្តីក្រ​សួងរៀប​ចំដែនដី​យកចិត្តទុក​ដាក់ទៅលើ​សិទ្ធិកម្មសិទ្ធិ របស់ប្រជាជនលើដីធ្លី អំពីការងារសម្បទានដីសង្គមកិច្ច សម្រាប់អ្នក​ខ្វះខាតដី និងត្រូវការដីពិតប្រាកដ អំពីបញ្ហាលំនៅដ្ឋានសមរម្យ សម្រាប់អ្នកមាន​ចំណូលទាប និងមធ្យម។ ការងារគ្រប់គ្រង និងការអភិវឌ្ឍ​តំបន់ឆ្នេរ ដែលពាក់ព័ន្ធការវិនិយោគ ក៏ត្រូវបានលោក ប៊ិន ឈិន ជំរុញឲ្យយកចិត្តទុកដាក់ផងដែរ៕