(ព្រះសីហនុ)៖ រថយន្ត១គ្រឿងជាមួយមនុស្ស៣នាក់ ដែលបានបើកគេចវេះប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័កពីខេត្តព្រះសីហនុ និងខេត្តកំពត ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ធ្វើការពិន័យអន្តរការណ៍។

យោងតាមរបាយការណ៍សមត្ថកិច្ចស្រុកព្រៃនប់ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបា ននៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា បុរសឈ្មោះ កី កុសល បើកបររថយន្តម៉ាក Nissan ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2G-1542 បានបើកគេចវេះពីប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក ដើម្បីចាកចេញពីខេត្តព្រះសីហនុទៅកាន់ខេត្តកំពត។

យោងតាមអនុក្រឹត្យលេខ៣៧ អនក្រ.បក ចុះថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រង់មាត្រា២២ ត្រូវផ្តន្ទាទោសពិន័យអន្តរការណ៍ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៥.០០០.០០០ (ប្រាំលាន) រៀល ចំពោះបុគ្គលដែលគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័កក្នុងអំឡុងពេលធ្វើចត្តាឡីស័ក តែមិនបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ។

ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ យើងត្រូវចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែង។

សូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាល និងការអំពាវនាវរបស់អាជ្ញាធរស្រុក ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕