(ព្រះវិហារ)៖ លោក វុធ សាវី ព្រះរាជអជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានថ្លែងណែនាំដល់មន្ត្រីពន្ធនាគារខេត្តព្រះវិហារ ត្រូវផ្អាកបណ្តោះអាសន្ន នូវការឱ្យជួប ប្រាស្រ័យ ទាក់ទងគ្នា រវាងសាច់ញាតិបងប្អូន និងអ្នកជាប់ឃុំឃាំង ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

លោក វុធ សាវី ណែនាំដូចនេះ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ ក្នុងឱកាសតំណាងលោក ទី សុវិនថាល់ ព្រះរាជអជ្ញាអមសាលាដំបូងខេត្តព្រះវិហារ នាំយកសម្ភារ ប្រើប្រាស់មួយចំនួនប្រគល់ ជូនអង្គភាពពន្ធនាគារខេត្ត ដើម្បីប្រើប្រាស់តាមតម្រូវការចាំបាច់។

លោក វុធ សាវី ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំសាលាដំបូងខេត្តព្រះវិហារ ជូនមន្ត្រីអង្គភាពពន្ធនាគារខេត្តគ្រប់លំដាប់ថ្នាក់ ដែលជានិច្ច ជាកាល បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញភារកិច្ចបានយ៉ាងល្អប្រសើរ ពិសេសលើការងារគ្រប់គ្រងអ្នកជាប់ឃុំឃាំង។ លោកក៏បានណែនាំបន្ថែមដល់មន្ត្រី ពន្ធនាគារខេត្តទាំងអស់ត្រូវផ្អាកបណ្តោះអាសន្ន នូវការជួបប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់រវាងសាច់ញាតិបងប្អូន និងអ្នកជាប់ឃុំឃាំង ដើម្បីទប់ស្កាត់ ការ រីករាលដាលនៃជំងឺកូវីដ១៩។

ជាមួយគ្នានោះ លោក វុធ សាវី ក៏បានណែនាំឱ្យមន្ត្រីពន្ធនាគារខេត្តទាំងអស់ ត្រូវចូលរួមអនុវត្តន៍ឱ្យបាននូវអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ៣កុំ ៣ការពារ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

សូមបញ្ជាក់ថា សម្ភារដែលបានប្រគល់ជូនអង្គភាពពន្ធនាគារខេត្តនាឱកាសនេះរួមមាន៖ ម៉ាស៊ីនកំព្យូទ័រ១គ្រឿង ម៉ាស៊ីនព្រីនធ័រ១គ្រឿង ម៉ាស់២០ប្រអប់ ថ្នាំវីតាមីនសេ ៥០០គ្រាប់ ថ្នាំអាម៉ុកសីលីន៥០០គ្រាប់ អាលុយមីញ៉ូម ១,០០០គ្រាប់ និងថ្នាំប៉ារាសេតាម៉ុល ១,២០០គ្រាប់ផងដែរ៕