(ត្បូងឃ្មុំ)៖ គិតត្រឹមថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នៅខេត្តត្បូងឃ្មុំ មានពលរដ្ឋដែលអនុញ្ញាតឲ្យទៅគេហដ្ឋានវិញ ក្រោយធ្វើចត្តាឡីស័ករួច ចំនួន៦៣នាក់ ដោយឡែកនៅសល់ចំនួន ៥៧៨នាក់ទៀត កំពុងតាមដាន សុខភាព និងធ្វើចត្តាឡីស័កបន្ត។

ពលរដ្ឋទាំងនោះភាគច្រើនសុទ្ធសឹងជាពលករ ដែលមកពីតាមតំបន់ព្រំដែនប្រទេសថៃ ដែលរដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំឲ្យមានក្រុមការងារទៅទទួល ដល់តាមបណ្តាខេត្តនានា។

លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តត្បូងឃ្មុំ ឲ្យដឹងនារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះថា ក្នុងខេត្តត្បូងឃ្មុំ មានពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក សរុបមានចំនួន ៦៤១នាក់។

ក្នុងនោះមាននៅមណ្ឌលចត្តាឡីស័កវិទ្យាល័យតេជោហ៊ុនសែនក្រុងសួង ៩៣នាក់, នៅមណ្ឌលវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ត្បូងឃ្មុំ ៤២៩នាក់ និងអ្នកធ្វើចត្តាឡីស័កនៅផ្ទះ ចំនួន ១១៩នាក់។

ក្រោមការយកចិត្តទុកដាក់ពីលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានបង្កើតឲ្យមានគណៈកម្មការ និងក្រុមការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ថ្នាក់ខេត្ត-ស្រុក ដោយបែងចែកក្រុមការងារទៅទទួលដោយផ្ទាល់នាំយកកម្មករមកពីប្រទេសថៃ ដែលមានស្រុកកំណើតក្នុងខេត្តត្បូងឃ្មុំ ឆ្លងដែនមកចូលមកកម្ពុជា តាមបណ្តាខេត្តជាប់ព្រំដែន ដឹកជញ្ជូនមកកាន់ខេត្តត្បូងឃ្មុំ ដែលរដ្ឋបាលខេត្តបានរៀបចំ ដោយផ្តល់អាហារតាមផ្លូវ ក៏ដូចជានៅតាមទីតាំងចត្តាឡីស័កទាំងអស់។

លោកប្រធានមន្ទីររូបនេះ ឲ្យដឹងបន្តថា សម្រាប់ក្រុមគ្រូពេទ្យជួរមុខបានអនុវត្តន៍ការការពារ និងមេីលថែទាំសុខភាពយ៉ាងយកចិត្តទុកដាក់ចំពោះពលករ ក៏ដូចប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលដែលអាជ្ញាធរខេត្តត្បូងឃ្មុំបានរៀបចំត្រៀម។ ក្នុងនោះដែរ មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានផ្គត់ផ្គង់នូវម្ហូបអាហារបីពេល ក្នុងមួយថ្ងៃ ដោយមានថ្នាំសង្កូវ និងក្រុមគ្រូពេទ្យប្រចាំការជានិច្ច។

លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ចំណូលស្រុកមកពីប្រទេសថៃ ដែលបានយកមកធ្វើចត្តាឡីស័ក ធ្វើយ៉ាងណាតាមដានសុខភាពជាប្រចាំ និងត្រូវរាយការណ៍មកសមត្ថកិច្ច និងក្រុមគ្រូពេទ្យដែលប្រចាំការនៅទីនោះ ខណៈ ដែលមានការរកឃើញអ្នកវិជ្ជមានកូវីដ១៩ជាបន្តបន្ទាប់ ។

បន្ថែមពីនេះ លោកបានស្នើសុំប្រជាពលរដ្ឋចាំបាច់ត្រូវរក្សាសុខភាពរបស់ខ្លួន និងចូលរួមអនុវត្តន៍រស់នៅតាមគន្លងថ្មី ដោយមានអនាម័យទៅតាមក្រសួងសុខាភិបាលបានណែនាំ ជាពិសេសអនុវត្តតាម វិធាន ៣កុំ និង៣ការពារ របស់រាជរដ្ឋាភិបាល៕