(ភ្នំពេញ)៖ ទន្ទឹមនឹងទទួលបានភាពជោគជ័យខ្លាំង ទៅលើការលក់សម្ភារៈកសិកម្មនិងសំណង់នៅកម្ពុជា ក្រុមហ៊ុន ម៉េង ឡេងអ៉ីវ  នាថ្មីៗនេះ បានសម្ពោធអគារស្តង់ដារអន្តរជាតិថ្មីរបស់ខ្លួនកម្ពស់៣ជាន់ នៅរាជធានីភ្នំពេញ ក្នុងគោលបំណង ផ្តល់ភាពងាយស្រួលដល់អតិថិជន។

លោក ម៉េង រស្មី នាយកគ្រប់គ្រងក្រុមហ៊ុនម៉េង ឡេងអ៉ីវគ្រុប បានថ្លែងថា កម្ពុជាប្រទេសកំពុងអភិវឌ្ឍន៍ និង ជាប្រទេស ដែលមានសក្តានុពលខ្ពស់លើវិស័យកសិកម្ម និងសំណង់ ហើយថាកត្តានេះ បានជំរុញឱ្យក្រុមហ៊ុនទទួលបានជោគជ័យ ក្នុងការនាំចូលឧបករណ៍ជាងគ្រប់ប្រភេទ សម្ភារៈកសិកម្ម និងសម្ភារៈបន្ទាប់បន្សំផ្សេងៗទៀត។ លោកបានបន្តថា ពេលនេះក្រុមហ៊ុន ម៉េង ឡេងអ៉ីវ នាំចូលផលិតផលម៉ាកល្បីៗ រហូតបានក្លាយជា ក្រុមហ៊ុនឈានមុខគេ ក្នុងការផ្គត់ផ្គង់ឧបករណ៍សំណង់ និងបរិក្ខារកសិកម្មគ្រប់ប្រភេទនៅកម្ពុជា។

ថ្លែងក្នុងពិធីសម្ពោធអគាររបស់ក្រុមហ៊ុន ម៉េង ឡេងអ៉ីវ លោក ឱក បុង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានថ្លែងថា អគារតំាងបង្ហាញផលិតផល និងមជ្ឈមណ្ឌលសេវាកម្ម ជុសជុលថ្មី របស់ក្រុមហ៊ុន ម៉េង ឡេងអ៉ីវ បានដាក់តាំងបង្ហាញ ឧបករណ៍សម្ភារៈកសិកម្មនិងសំណង់ ព្រមទាំង បច្ចេកវិទ្យា សាងសង់ទំនើបៗ នេះផ្តល់សារប្រយោជន៍ជាច្រើន ដល់ប្រជាជនកម្ពុជា។ លោកបានបន្តថា ការផ្គត់ផ្គង់ផលិតផល កសិកម្មនិងសំណង់របស់ក្រុមហ៊ុន ម៉េង ឡេងអ៉ីវ គឺត្រូវនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងបង្កើនវិស័យទាំងពីរនេះ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា «វិស័យឯកជនគឺជាការចាំបាច់ ក្នុងការកសាងប្រទេសជាតិ។ រដ្ឋាភិបាល មិនអាចកាត់ផ្តាច់ពីការចូលរួម របស់វិស័យឯកជនទេ»។ លោកបាន កោតសរសើរ ដល់ក្រុមហ៊ុន ម៉េង ឡេងអ៊ីវ ដែលបានកសាង តាំងពីតូចរហូតបានជោគជ័យដូចសព្វថ្ងៃ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមហ៊ុន ម៉េង ឡេងអ៉ីវ មានសម្ភារៈបរិក្ខាកសិកម្ម និងសំណង់ជាច្រើនដូចជា ឧបករណ៍ជាង MAKITA, BOSCH ឧបករណ៍បង្ហាប់ដី MEKASA, HITACHI  ម៉ាស៊ីននិងម៉ូទ័របូមទឹក TSURUMI, ឧបករណ៍ដោះកង់ឡាន KUKEN, ទុយោឧស្សាហកម្ម TOYOX ,ឧបករណ៍លាងសំអាត KAR CHER, ប្រេងការពារច្រេះ WD40, សម្ភារៈជាង ប្រើប្រាស់ដោយដៃ KINGTOOLS, KINGSTAR, SK ថ្មកាត់ និងថ្មឆាប NKK, ធូបផ្សារ GEMIN។ ឧបករណ៍ទាំងអស់នាំចូលពីបណ្តាប្រទេសជាច្រើន ដូចជាប្រទេសអាល្លឺម៉ង់  អាមេរិក ជប៉ុន ថៃ ចិន សិង្ហបុរី និងប្រទេសម៉ាឡេស៊ីជាដើម៕