(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានទទួលអំណោយ និងថវិកាមួយចំនួនពីលោក សោម សុធា អគ្គនាយកគម្រោងអចលនទ្រព្យ «ភូមិមរតក» ស្ថិតក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដើម្បីចូលរួមឧបត្ថម្ភដល់រដ្ឋបាលខេត្តស្វាយរៀង។

លោក ម៉ែន វិបុល បានថ្លែងអរគុណដល់លោកអគ្គនាយកគម្រោងអចលនទ្រព្យ «ភូមិមរតក» ដែលបានចូលរួមបរិច្ចាគនូវអំណោយ និងថវិកា ឱ្យរដ្ឋបាលខេត្តស្វាយរៀង សម្រាប់គាំទ្រក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ទាំងនេះ សបញ្ជាក់ឱ្យឃើញពីកាយវិការ ប្រកបដោយសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែកក្នុងសង្គមទៅលើការជួយគ្នាក្នុងគ្រាលំបាក។

លោកបានបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនរដ្ឋបាលខេត្តនៅថ្ងៃនេះ និងយកទៅចាត់ចែងប្រើប្រាស់ក្នុងសកម្មភាពនានាឱ្យស្របទៅតាមបរិបទនៃជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅក្នុងសហគមន៍នាពេលបច្ចុប្បន្ន ស្របតាមអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

អំណោយទាំងនោះរួមមាន៖ ម៉ាស ១៥កេស ស្មេីនឹង ៣៧,៥០០ម៉ាស, ទឹកអាល់កុល ៨កាន និងថវិកាមួយចំនួនទៀត ជូនដល់គណៈកម្មការប្រឆាំងជំងឺកូវីដ-១៩ ខេត្តស្វាយរៀង៕