(កំពង់ចាម)៖ អនុសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ស្រុកកោះសូទិន ខេត្តកំពង់ចាម នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ បានចុះផ្សព្វផ្សាយនូវវិធានសំខាន់ទាំងឡាយរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។ ក្រៅពីផ្សាយវិធានការពារជំងឺកូវីដ១៩ហើយនោះ សមាគម ក៏បានចែកម៉ាស់ចំនួន៥០០ម៉ាស់ ទឹកអាល់កុលចំនួន ៣លីត្រ និងទឹកបរិសុទ្ធ១០យួរ ជូនកងកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះសូទិន តាមគោលដៅរឹតបន្តឹងការចេញចូលរបស់ប្រជាពលរដ្ឋតាមដងផ្លូវក្នុងភូមិសាស្ត្រស្រុកកោះសូទិនផងដែរ។

សកម្មភាពផ្សព្វផ្សាយវិធានការពារជំងឺកូវីដ១៩នេះ ដឹកនាំដោយ លោក ស៊ុយ ភូនាថ ប្រធានអនុសាខា ដោយមានកិច្ចសហការជាមួយអាជ្ញាធរឃុំមហាខ្ញូង មណ្ឌលសុខភាពឃុំមហាខ្ញូង កងកម្លាំងនគរបាលស្រុកកោះសូទិន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមហាខ្ញូង ស្រុកកោះសូទិនផងដែរ។

ការផ្សព្វផ្សាយនេះ ក្រុមការងារចាក់មេក្រូនូវសារណែនាំនានារបស់ក្រសួងសុខាភិបាល ដោយផ្សព្វផ្សាយនៅក្នុងឃុំចំនួនបីរួមមាន ឃុំមហាខ្ញូង ឃុំព្រែកតានង់ និងឃុំកំពង់រាប។

ក្នុងឱកាសនោះ លោក ស៊ុយ ភូនាថ ប្រធានអនុសាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ស្រុកកោះសូទិន បានអំពាវនាវដល់ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក ត្រូវចេះតាមដានសុខភាពជាប្រចាំ និងត្រូវរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន និងក្រុមគ្រូពេទ្យដែលប្រចាំការនៅទីនោះ។

លោក ស៊ុយ ភូនាថ ក៏បានស្នេីសុំប្រជាពលរដ្ឋត្រូវអនុវត្តន៍តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល។ ជាពិសេសត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព និងចូលរួមអនុវត្តន៍ការរស់នៅតាមគន្លងថ្មី។ បន្ថែមពីលើនោះត្រូវប្រកានស្មារតីចូលរួមអនុវត្តន៍អនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា «៣កុំ និង៣ការពារ»៕