(ព្រះសីហនុ)៖ លោក គួច ចំរើន បានសម្រេចឱ្យផ្អាកការរៀបចំកម្មវិធីមង្គលការ ពិធីជប់លៀង និងការជួបជុំ តាមបែបសាសនានានា ជាបណ្ដោះអាសន្នទាំងអស់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ដ្រខេត្តក្រចេះ។

ការចេញបំរាមរបស់រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើឡើងក្រោយប្រទេសកម្ពុជា បានផ្ទុះឡើងនូវព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» កំពុងស្ថិតនៅក្នុងស្ថានភាពមួយដែលគួរឱ្យព្រួយបារម្ភ ហើយចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅតែបន្តរកឃើញ ជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះ សូមចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលបានចេញផ្សាយជាបន្តបន្ទាប់ និងក្នុងន័យបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ កុំឱ្យរីករាលដាលចូលក្នុងសហគមន៍ នៃខេត្តព្រះសីហនុ។

តាមរយៈលិខិតដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែមីនានេះ លោក គួច ចំរើន បានសង្កត់ធ្ងន់ៗថា៖ «ការសម្រេចផ្អាកកម្មវិធីទាំងអស់នេះ ដោយសារតែស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ (សហគមន៍ ២០កុម្ភៈ) នៅបន្តកើនឡើងពីមួយថ្ងៃ ទៅមួយថ្ងៃដែលជាការព្រួយបារម្ភជាខ្លាំងដល់សុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ»។

ក្នុងលិខិតដែល បានបញ្ជាក់ថា ក្នុងករណីចាំបាច់មិនអាចអាកខានបាន ដូចជាករណីបុណ្យសពជាដើម ត្រូវតែកាត់បន្ថយចំនួនមនុស្សចូលរួម រីឯពិធីអាពាហ៍ពិពាហ៍ ក៏ត្រូវរៀបចំត្រឹម ការសែនព្រេនដូនតាក្នុងរង្វង់គ្រួសារតែប៉ុណ្ណោះ និងត្រូវពង្រឹងការអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន។

បន្ថែមពីនេះក្រៅពីសម្រេចផ្អាកពិធីការរៀបចំកម្មវិធីមង្គលការ ពិធីជប់លៀង និងការជួបជុំ តាមបែបសាសនានានា ជាបណ្ដោះអាសន្នទាំងអស់ លោក គួច ចំរើន ក៏បានចេញសេចក្តីណែនាំមកអភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ត្រូវ ពង្រឹងការអនុវត្តសេចក្តីអំពាវនាវ សេចក្តីជូនដំណឹងនានា របស់រដ្ឋបាលខេត្ត ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដូចខាងក្រោម៖

*មន្ទីរ អង្គភាពដែលជាក្រុមការងារ ចុះជួយមូលដ្ឋានឃុំ សង្កាត់ត្រូវចុះជួយសហការជាមួយរដ្ឋបាលឃុំ សង្កាត់ ដើម្បីពន្យល់អប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងទូលំទូលាយ មានការយោគយល់អធ្យាស្រ័យ ចំពោះការផ្អាកពិធីនានា និងចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមមូលដ្ឋាននីមួយៗឱ្យមានប្រសិទ្ធភាព។

*អាជ្ញាធរមូលដ្ឋាន និងក្រុមការងារចុះជួយមូលដ្ឋានត្រូវសហការគ្នាជួយពិនិត្យតាមដានការប្រែប្រួលស្ថានភាពសុខភាពប្រជាពលរដ្ឋ នៅមូលដ្ឋានរបស់ខ្លួនជាប្រចាំ ក្នុងករណីពិនិត្យឃើញមានការប្រែប្រួលខុសប្រក្រតី ត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់ក្រុមគ្រូពេទ្យនៅតាមប៉ុស្តិ៍សុខភាព ឬមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកជាបន្ទាន់ ដើម្បីមានវិធានការទាន់ពេលវេលា៕

ខាងក្រោមនេះជាសេចក្តីសម្រេច និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តព្រះសីហនុ៖