(សៀមរាប)៖ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ អមដំណើរដោយឧត្តមសេនីយ៍ឯក សឿន រឿត ទីប្រឹក្សាសម្តេចពិជ័យសេនា ទៀ បាញ់ និងជានាយករង នាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ រួមជាមួយមន្ត្រីបច្ចេកទេសស្ពានថ្នល់ មន្ត្រីសាលាក្រុងសៀមរាប បានចុះពិនិត្យ បច្ចេកទេសសាងសង់ផ្លូវរបស់កងវិស្វកម្ម១៧៨ ដែលកំពុងស្ថាបនាផ្លូវនៅក្រុងសៀមរាប។

ការចុះពិនិត្យនៅពេលនោះ ក្រុមការងារបានសង្កត់ធ្ងន់ទៅលើការរៀបចំធ្វើគ្រឹះផ្លូវ ការរៀបចំដាក់ប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់ ព្រមទាំងការរៀបចំធ្វើខឿនចិញ្ចើមផ្លូវ ឲ្យបានត្រឹមត្រូវបច្ចេកទេស ស្តង់ដារ ដែលក្រសួងបានធ្វើការណែនាំកន្លងមក ដើមី្បជៀវាងការសាងសង់រួច ត្រូវគាស់កកាយ ជួសជុលឡើងវិញ ដែលនាំឲ្យខាតបង់ថវិកា និងពេលវេលា។

តាមការបញ្ជាក់របស់ឧត្តមសេនីយ៍ឯក សឿន រឿត ទីប្រឹក្សាសម្តេចពិជ័យសេនា ទៀ បាញ់ និងជានាយករង នាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ បានឲ្យដឹងថា កងវិស្វកម្ម១៧៨ ទទួលភារកិច្ចស្ថាបនាផ្លូវចំនួន១៣ខ្សែ ក្នុងចំណោម៣៨ខ្សែ ដែលជាផ្លូវស្ថិតក្នុងតំបន់មានភាពស្មុគស្មាញ ធ្វើឲ្យប៉ះពាល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋ រស់នៅអមសងខាងផ្លូវ។

លោកបន្តទៀតថា ការងារស្ថាបនាផ្លូវទាំង១៣ខ្សែ មានប្រវែងសរុប ២៦.៥៤គីឡូម៉ែត្រ មកដល់ពេលនេះធ្វើបាន ២៥ភាគរយហើយ។ ក្នុងនោះផ្លូវមួយចំនួនបានរៀបចំគ្រឹះ និងរៀបចំដាក់ប្រព័ន្ធលូទឹកភ្លៀងទឹកកខ្វក់បានរួចរាល់ហើយផ្លូវមួយចំនួនមានភាពយឺតយ៉ាវដោយកង្វះលូ (ក្រុមហ៊ុនផលិតលូ ផ្គត់ផ្គង់ផ្តល់មិនទាន់ពេលវេលា) និងការបង្កប់ប្រព័ន្ធទឹកស្អាត បណ្តាញអគ្គិសនី និងខ្សែកាប្លិ៍។ ម៉្យាងទៀត ដោយខ្សែផ្លូវចំនួនពីរ មានផ្លូវ WN-05 និង WN-06 ដែលត្រូវធ្វើលូប្រអប់ មានប្រវែង ៧ម៉ែត្រ គុណ ២២ម៉ែត្រទៀតផង។

ក្នុងនោះដែរលោកឧត្តមសេនីយ៍ សឿន រឿត ក៏បានលើកនូវបញ្ហាមួយចំនួន ដែលក្រុមបច្ចេកទេស មិនបានចុះមកពិនិត្យ និងធ្វើការណែនាំដល់ក្រុមការងារ ក្នុងការរៀបចំខឿនចិញ្ចើមផ្លូវ ដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ប្រជាពលរដ្ឋ ដែលតម្រូវឲ្យក្រុមការងារធ្វើការរុះរើរៀបចំឡើងវិញ ដោយទុកខឿនឲ្យខ្ពស់ពីផ្លូវតែ ០.៨សង់ទីម៉ែត្រ នៅតាមមុខផ្ទះប្រជាពលរដ្ឋក្នុងទីប្រជុំជន។

ក្នុងនាមតំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃកិច្ចដំណើរការការដ្ឋាន ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែនៅក្រុងទេសចរណ៍សៀមរាប ដែលកំពុងឆ្ពោះទៅរកការអភិវឌ្ឍជាទីក្រុងទំនើប-ឆ្លាតវ៉ៃ នាថ្ងៃអនាគត ដែលជាចក្ខុវិស័យវែងឆ្ងាយនៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

លោកបានវាយតម្លៃខ្ពស់ ចំពោះកិច្ចដំណើរការរបស់ការដ្ឋានទាំងអស់ ក្នុងប្រតិបត្តិការណ៍របស់ខ្លួន ប្រកបដោយភាពរលូន ទទួលខុសត្រូវខ្ពស់ ដោយអនុវត្តតាមលក្ខណៈបច្ចេកទេស សៀវភៅបន្ទុកត្រឹមត្រូវ ដែលអាចនឹងរំពឹងទុកថា នឹងមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង និងបញ្ចប់តាមផែនការ ដែលបានគ្រោងទុក។

ក្នុងដំណើរចុះពិនិត្យការដ្ឋានស្ថាបនាហេដ្ឋារចនាសម្ពន្ធផ្លូវ របស់កងវិស្វកម្ម១៧៨ នៃក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង ក៏បានធ្វើការកោតសរសើរផងដែរ ចំពោះកងកម្លាំងវិស្វកម្មទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការស្ថាបនាផ្លូវទៅតាមបទដ្ឋានបច្ចេកទេសសាងសង់ ព្រមទាំងបានធ្វើការដាក់ប្រព័ន្ធលូទឹកភ្លៀង និង ទឹកកខ្វក់ ប្រកបទៅដោយបច្ចេកទេសល្អ ក្នុងការធានាប្រើប្រាស់បានយូអង្វែងទៀតផង។

ក្នុងនោះដែរ ក៏បានធ្វើការណែនាំមួយចំនួន ដល់ក្រុមបច្ចេកទេស លើការរៀបចំខឿនចិញ្ចើមផ្លូវ និងការក្រាលការ៉ូម៉ាត ឲ្យបានត្រឹមត្រូវទៅតាមការណែនាំរបស់ក្រុមបច្ចេកទេស គឺធ្វើយ៉ាងណាត្រូវធ្វើការរៀបចំផ្លូវសម្រាប់ជនពិការធ្វើដំណើរ ងាយស្រួលដល់ពួកគាត់ ដើមី្បជៀសវាងនូវហានីភ័យ ដែលកើតឡើងចំពោះប្រជាពលរដ្ឋ។

នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង ក៏សុំឲ្យប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ ចូលរួមសហការល្អជាមួយអាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារបច្ចេកទេស ដើម្បីឲ្យដំណើរការគម្រោងស្ថាបនាផ្លូវ៣៨ខ្សែនេះ អនុវត្តទៅដោយរលូន និងអាចប្រែក្លាយទីក្រុងសៀមរាបទៅជាទីក្រុងទំនើប ជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍជាតិ ជាគោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិលើកកម្ពស់សោភ័ណភាពក្រុង ឲ្យស័ក្កិសមជាទីក្រុងទេសចរណ៍ប្រវត្តិសាស្ត្រ។ ក្រោយពេលការស្ថាបនាផ្លូវទាំង៣៨ខ្សែរួចរាល់ ក្រុងសៀមរាបនឹងលើកកម្ពស់សោភ័ណភាពបន្ថែមទៀត ស័ក្កិសមជាទីក្រុងទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្រ្ដ អភិវឌ្ឍជាទីក្រុងឆ្លាតវ៉ៃ នាពេលអនាគត ដើម្បីជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ៕