(ភ្នំពេញ)៖ លោក ម៉ៃ សំអូន កសិករចិញ្ចឹមកន្ធាយរស់នៅក្នុងភូមិប្រាសាទ ឃុំសំរោងយារ ស្រុកពួក ខេត្តសៀមរាប បានថ្លែងថា លោកបានចាប់របរចិញ្ចឹមកន្ធាយនេះរយៈពេលជាង៣ឆ្នាំមកហើយ ដោយបច្ចុប្បន្នលោកអាចទទួលចំណូលពីរបរមួយនេះក្នុង១ឆ្នាំៗ ជិត៣ម៉ឺនដុល្លារផងដែរ។

លោក ម៉ៃ សំអូន ប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ដំបូងលោកបានទិញកន្ធាយពីគេយកមកចិញ្ចឹមក្នុងចំនួនបន្តិចបន្តួច តែដោយដំណើរការចិញ្ចឹមចេះតែប្រសើរឡើងៗ លោកក៏បានពង្រីកការចិញ្ចឹមរបស់លោកពីមួយថ្ងៃទៅមួយថ្ងៃ ហើយមកដល់ពេលបច្ចុប្បន្ននេះ លោកមានកន្ធាយសរុបជាង ៨,០០០ក្បាលក្នុងកសិដ្ឋាន។

លោកបញ្ជាក់ទៀតថា «ចំពោះរយៈពេលរស់នៅរបស់សត្វកន្ធាយពីតូច រហូតដល់ពេលដែលអាចត្រូវចាប់លក់បាននោះ មានរយៈពេល១ឆ្នាំប្រសិនបើយើងមើលថែដិតដល់ ឲ្យចំណីគ្រប់គ្រាន់ តែប្រសិនបើមិនមានការមើលថែ និងឲ្យចំណីគ្រប់គ្រាន់ទេនោះ គឺរយៈពេលនៃការចាប់លក់អាចនឹងលើសពី១ឆ្នាំផងដែរ»

លោកបន្ថែមថា សម្រាប់ការលក់វិញ ចំពោះកន្ធាយដែលគ្រប់អាយុលក់ក្នុង១ក្បាលមានទម្ងន់១គីឡូក្រាម ហើយក្នុងកន្ធាយទម្ងន់ ១គីឡូក្រាមនេះអាចលក់បានជាមធ្យម ១០ដុល្លារអាមេរិក (៤០,០០០រៀល)។ ដូច្នេះបើគិតជាមធ្យមវិញលោកអាចទទួលបានចំណូល ពីការលក់កន្ធាយនេះក្នុង១ខែ បានជាង ២,០០០ដុល្លារអាមេរិក ហើយសរុបក្នុង១ឆ្នាំអាចបានជាង ៣០,០០០ដុល្លារមេរិក។

លោកបន្តថា ចំណែកឯចំណីសម្រាប់កន្ធាយវិញ លោកអាចផលិតខ្លួនឯងបានដោយលោកទិញជាត្រីខ្លះ កន្ទក់ខ្លះ និងមួយចំណែកទៀតដូចជាបន្លែលោកអាចរកបាន ដូចជាត្រកួន ឬបន្លែផ្សេងៗទៀតជាដើម ដើម្បីយកមកកិនលាយគ្នាធ្វើជាចំណីផងដែរ។

លោកបានឲ្យដឹងថា ទីផ្សារនៃការលក់កន្ធាយនេះ គឺមានបងប្អូនច្រើនចូលចិត្ត និងមានតម្រូវការច្រើន ដោយជាក់ស្ដែងលោកបានទទួលការបញ្ជាទិញ ពីឈ្មួញជាបន្តបន្ទាប់រហូត តែក្នុងរយៈពេលមានជំងឺរាលត្បាតកូវីដ១៩នេះ គឺការលក់របស់លោកមានការថយចុះជាង ៣០ភាគរយ បើធៀបពីពេលមុនមិនទាន់មានជំងឺចូលមក។

ទន្ទឹមនិងនោះលោកក៏បានសំណូមពរផងដែរថា សូមឲ្យកសិករទាំងអស់បង្កើតការចិញ្ចឹមរបស់ខ្លួនឲ្យបានច្រើន និងត្រូវព្យាយាមធ្វើការងារដោយខ្លួនឯង ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងជួយជំរុញសេដ្ឋកិច្ចជាតិផងដែរ៕