(សៀមរាប)៖ ក្រោយពីសង្កេតឃើញមានប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះ សណ្ឋាគារ ឬម្ចាស់អាជីវកម្មមួយចំនួន បានលួចចោះកាត់ប្រព័ន្ធបង្ហូរទឹកភ្លៀង ទឹកកខ្វក់ ដែលបណ្ដាលឱ្យប្រព័ន្ធលូទាំងនោះខូចខាត រដ្ឋបាលខេត្តសៀមរាបនាថ្ងៃទី១៦ ខែមីនានេះ បានព្រមានពីការដាក់ទោសទណ្ឌដល់ជន ដែលប្រព្រឹត្តដូចករណីខាងលើ។

«ក្នុងករណីដែលរកឃើញថាមានបងប្អូនប្រជាពលរដ្ឋ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ម្ចាស់អាជីវកម្មដ្ឋាននានា លួចចោះតភ្ជាប់លូទឹកភ្លៀង និងទឹកកខ្វក់ដែលកំពុងសាងសង់ អ្នកដែលប្រព្រឹត្តិត្រូវទទួលទោសតាមច្បាប់ជាធរមាន ព្រមទាំងសងរាល់ការខូចខាតដែលចេញពីសកម្មភាពប្រព្រឹត្តិរបស់ខ្លួន»។ នេះជាខ្លឹមសារក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប។

រដ្ឋបាលខេត្តបានបញ្ជាក់ថា សកម្មភាពខាងលើកើតឡើងក្នុងដំណាក់កាលកំពុងសាងសង់ប្រព័ន្ធលូក្នុងគម្រោងផ្លូវ៣៨ខ្សែ ដែលមានការរុះរើប្រព័ន្ធលូចាស់ចោល ដែលបង្កការលំបាកដល់ប្រជាពលរដ្ឋក្នុងការបង្ហូរទឹកកខ្វក់ចេញពីផ្ទះ ឬអាជីវកម្មមួយចំនួន។

រដ្ឋបាលខេត្តដឹងពីចំណុចនេះ និងស្នើសុំការយោគយល់ដល់ប្រជាពលរដ្ឋចំពោះកិច្ចការទាំងនេះ។ យ៉ាងណាក៏ដោយ ការរៀបចំនេះក៏ដើម្បីមុខមាត់ថ្មីរបស់ខេត្តសៀមរាប។ ពិសេសអនាម័យ បរិស្ថាន គុណភាព សុវត្ថិភាព សោភណ្ឌភាព ក្រុងសៀមរាបទាំងមូល។

ក្នុងលិខិតដែលចុះហត្ថលេខាដោយអភិបាលខេត្ត លោក ទៀ សីហា បញ្ជាក់ថា ប្រជាពលរដ្ឋអាចស្នើសុំតបណ្ដាញទឹកភ្លៀង ទឹកកខ្វក់ទាំងនោះបាន ដោយមានក្រុមបច្ចេកទេសចុះសិក្សា និងពិគ្រោះយោបល់។ យ៉ាងណាក៏ដោយ ចំពោះពេលវេលា នីតិវិធី និងបច្ចេកទេសនៃការតភ្ជាប់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង មន្ទីរសាធារណការ និងដឹកជញ្ជូន និងជូនដំណឹងតាមក្រោយ ពេលដែលគម្រោងសាងសង់ប្រព័ន្ធលូរួចរាល់នាពេលខាងមុខ។ រដ្ឋបាលខេត្ត សង្ឃឹមថាប្រជាពលរដ្ឋទាំងអស់ នឹងអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់៕