(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានសម្រេចឱ្យផ្អាកជាបណ្តោះអាសន្ន កម្មវិធីរៀបចំអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងពិធីជួបជុំផ្សេងៗ ដែលមានការប្រមូលផ្តុំមនុស្សលើសពី ២០នាក់ឡើងទៅ ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១តទៅ រហូតមានការចេញជូនដំណឹងសារជាថ្មី ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ដ្រខេត្តត្បូងឃ្មុំ។

ការចេញបំរាមរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ បានធ្វើឡើងក្រោយប្រទេសកម្ពុជា បានផ្ទុះឡើងនូវព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» កំពុងស្ថិតនៅក្នុងស្ថានភាពមួយដែលគួរឱ្យព្រួយបារម្ភ ហើយចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅតែបន្តរកឃើញ ជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះ សូមចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលបានចេញផ្សាយជាបន្តបន្ទាប់ និងក្នុងន័យបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ កុំឱ្យរីករាលដាលចូលក្នុងសហគមន៍ នៃខេត្តត្បូងឃ្មុំ។

បើយោងតាមរយៈលិខិតរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ ផ្ញើទៅកាន់អភិបាលក្រុង-ស្រុក, មេឃុំ-ចៅសង្កាត់ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ។

បន្ថែមពីនោះ ខ្លឹមសារនៅក្នុងលិខិត បានណែនាំឲ្យអភិបាលក្រុង-ស្រុក, មេឃុំ-ចៅសង្កាត់ ត្រូវបន្តណែនាំដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល និងតាមវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសអនុវត្តន៍ «៣កុំ ៣ការពារ» ដើម្បីក្រុមគ្រួសារ និងសហគមន៍យើងគ្មានកូវីដ-១៩៕