(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា បើមិនមានការល្មើសនឹងវិធានការរបស់ក្រសួងសុខាភិបាល ឬការណែនាំរបស់អាជ្ញាធរដែលបានដាក់ចេញដើម្បីការពារការរីករាលដាលជំងឺកូវីដ១៩ទេនោះ នឹងមិនមានការពិន័យ ឬផ្តន្ទាទោសទៅតាមការចែងនៅក្នុងអនុក្រឹត្យស្តីពីវិធានសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នោះឡើយ។ បន្ថែមពីលើនោះ វាជួយការពារក្រុមគ្រួសារកុំឱ្យឆ្លងផងដែរ។

ការបញ្ជាក់របស់សម្តេចតេជោបែបនេះ ធ្វើឡើងតាមបណ្តាញសង្គមហ្វេសប៊ុក តបទៅនឹងប្រជាពលរដ្ឋម្នាក់ ដែលបានលើកឡើងថា អនុក្រឹត្យស្តីពីវិធានសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ មានការផាកពិន័យធ្ងន់ធ្ងរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចប្រកាសដាក់ឱ្យប្រើប្រាស់អនុក្រឹត្យថ្មីមួយស្តីពីវិធានសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

អនុក្រឹត្យនេះកំណត់អំពីវិធានការសុខាភិបាលស្របតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត សំដៅការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងជំងឺនេះ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងអនុក្រឹត្យនេះ បានចែងពីការផាកពិន័យ និងផ្តន្ទាទោសធ្ងន់ធ្ងរចំពោះជនមិនគោរពតាមវិធានរបស់សុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

* មាត្រា១៩ បានចែងថា ត្រូវធ្វើការព្រមាន និងធ្វើការណែនាំដោយមន្ត្រីសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច ចំពោះបុគ្គល ដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាសដូចមានចែងក្នុងមាត្រា៥ ឬកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ដូចមានចែងក្នុងមាត្រា៧ នៃអនុក្រឹត្យនេះ។

ក្នុងករណីនៅតែបន្តប្រព្រឹត្តអំពើល្មើសដដែល ត្រូវផ្តន្ទាទោសជា ពិន័យអន្តរការណ៍ពី ២០០.០០០ (ពីរសែន) រៀល ទៅ ១.០០០.០០០ (មួយលាន) រៀល។

ត្រូវធ្វើការព្រមាន និងធ្វើការណែនាំដោយមន្ត្រីសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច ចំពោះ អ្នកទទួលខុសត្រូវក្នុងការរៀបចំការជួបជុំមនុស្ស ឬសកម្មភាពសង្គមដទៃទៀត ដែលមិនគោរពវិធានការ រក្សាគម្លាតសុវត្ថិភាពសង្គម ដូចមានចែងក្នុងមាត្រា៧ នៃអនុក្រឹត្យនេះ។

ក្នុងករណីនៅតែបន្តប្រព្រឹត្តអំពើ ល្មើសដដែល ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ១.០០០.០០០(មួយលាន) រៀល ទៅ ៥.០០០.០០០ (ប្រាំលាន) រៀល។

ក្រសួង ស្ថាប័ន ឬអាជ្ញាធរមានសមត្ថកិច្ច អាចសម្រេចដាក់ចេញនូវវិធានការរដ្ឋបាលបន្ថែមដូចមាន ចែងក្នុងមាត្រា៤ នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិង ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ចំពោះអ្នកទទួលខុសត្រូវក្នុងការរៀបចំការជួបជុំមនុស្ស ឬសកម្មភាព សង្គមដទៃទៀត ដែលបានប្រព្រឹត្តអំពើល្មើសខាងលើ។

* មាត្រា២០ បានចែងថា ត្រូវធ្វើការព្រមាន និងធ្វើការណែនាំដោយមន្ត្រីសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច ចំពោះសហគ្រាស ឬគ្រឹះស្ថានឯកជន ឬម្ចាស់អាជីវកម្ម ដែលមិនបានអនុវត្តកាតព្វកិច្ចទាក់ទងនឹងការពាក់ម៉ាស និងការរក្សាគម្លាត សុវត្ថិភាព ដូចមានចែងក្នុងមាត្រា៦ និងមាត្រា៧ នៃអនុក្រឹត្យនេះ។

ក្នុងករណីនៅតែបន្តប្រព្រឹត្តអំពើល្មើស ដដែល ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ២.០០០.០០០ (ពីរលាន) រៀល ទៅ ១០.០០០.០០០ (ដប់ លាន) រៀល។ ក្រសួង ស្ថាប័នមានសមត្ថកិច្ច អាចសម្រេចដាក់ទណ្ឌកម្មរដ្ឋបាលបន្ថែមដូចមានចែងក្នុងមាត្រា៥ នៃ ច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរផ្សេងទៀត ចំពោះសហគ្រាសឬគ្រឹះស្ថានឯកជន ឬម្ចាស់អាជីវកម្ម ដែលបានប្រព្រឹត្តអំពើល្មើសខាងលើ។

*មាត្រា២១ បានចែងថា ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៥.០០០.០០០ (ប្រាំលាន) រៀល ចំពោះបុគ្គលដែលមិនសហការជាមួយមន្ត្រីសុខាភិបាល ដើម្បីយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ដូចមានចែងក្នុងមាត្រា១០ នៃអនុក្រឹត្យនេះ។

ការបង់ប្រាក់ពិន័យអន្តរការណ៍នេះ មិនធ្វើឱ្យបុគ្គលដែលប្រព្រឹត្ត អំពើល្មើសនេះ រួចផុតពីកាតព្វកិច្ចក្នុងការឱ្យមន្ត្រីសុខាភិបាលយកសំណាកទៅវិភាគរកមេរោគកូវដ-១៩ នោះទេ។

*មាត្រា២២ បានចែងថា ត្រូវផ្តន្ទាទោសពិន័យអន្តរការណ៍ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៥.០០០.០០០ (ប្រាំលាន) រៀល ចំពោះបុគ្គលដែលគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័កក្នុងអំឡុងពេល ធ្វើចត្តាឡីស័ក តែមិនបានបណ្ដាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ។ អំពើគេចវះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័កក្នុងអំឡុងពេលធ្វើចត្តាឡីស័ក ដែលបានបណ្ដាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ ត្រូវផ្តន្ទាទោសតាមកថាខណ្ឌទី២ នៃមាត្រា៧ នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយ គ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

ត្រូវផ្តន្ទាទោសពិន័យអន្តរការណ៍ពី ៥០០.០០០ (ប្រាំសែន) រៀល ទៅ ២.០០០.០០០ (ពីរលាន) រៀល ចំពោះបុគ្គលដែលធ្វើចត្តាឡីស័ក ដែលមិនអនុវត្តនូវកាតព្វកិច្ចដូចមានចែងក្នុងចំណុចទី១ និងទី២ នៃមាត្រា១៣ នៃអនុក្រឹត្យនេះ។ ការបង់ប្រាក់ពិន័យអន្តរការណ៍ខាងលើនេះ មិនធ្វើឱ្យបុគ្គលដែលត្រូវធ្វើចត្តាឡីស័ក រួចផុតពីកាតព្វកិច្ច ក្នុងការធ្វើចត្តាឡីស័កឡើយ។

*មាត្រា២៣ បានចែងថា ត្រូវពិន័យអន្តរការណ៍ពី ១០.០០០.០០០ (ដប់លាន) រៀល ទៅ ៥០.០០០.០០០ (ហាសិបលាន) រៀល ចំពោះអ្នកផ្តើមគំនិត ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយសម្រួលដោយចេតនា ដល់បុគ្គលដែល ត្រូវធ្វើចត្តាឡីស័កឱ្យគេចចេញពីការត្រួតពិនិត្យរបស់មន្ត្រីចត្តាឡីស័ក ឬគេចេះពីការធ្វើចត្តាឡីស័ក ឬគេចចេញ ពីកន្លែងធ្វើចត្តាឡីស័ក ក្នុងករណីដែលការគេចចេញពីការត្រួតពិនិត្យរបស់មន្ត្រីចត្តាឡីស័ក ឬការគេចវះពីការ ធ្វើចត្តាឡីស័ក ឬការគេចចេញពីកន្លែងធ្វើចត្តាឡីស័ក មិនបានបណ្ដាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ។

*មាត្រា២៤ បានចែងថា ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ២.០០០.០០០ (ពីរលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល ចំពោះអ្នកជំងឺកូវីដ-១៩ ដែលត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកដើម្បីទទួលការព្យាបាល ដែលមិន អនុវត្តនូវកាតព្វកិច្ច ដូចមានចែងក្នុងចំណុចទី១ និងទី២ នៃកថាខណ្ឌទី២ នៃមាត្រា១៤ នៃអនុក្រឹត្យនេះ។

*មាត្រា២៥ បានចែងថា ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដែលមានចែងក្នុងច្បាប់ព្រហ្មទណ្ឌជាធរមានផ្សេងទៀត ត្រូវ ផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ៥.០០០.០០០ (ប្រាំលាន) រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន) រៀល ចំពោះបុគ្គលដែលបានចាត់ចែងសាកសពដែលមានផ្ទុកមេរោគកូវីដ-១៩ ល្មើសនឹងមាត្រា១៥ នៃអនុក្រឹត្យនេះ។

*មាត្រា២៦ បានចែងថា ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ១០.០០០.០០០ (ដប់លាន) រៀល ទៅ ៥០.០០០.០០០ (ហាសិបលាន) រៀល ចំពោះគ្រឹះស្ថានសុខាភិបាលឯកជនទាំងអស់ ដែលមិនបានធ្វើការជូនដំណឹងបន្ទាន់ទៅ ក្រសួងសុខាភិបាល ក្នុងករណីពិនិត្យឃើញថា អ្នកជំងឺដែលកំពុងទទួលសេវាព្យាបាលនៅក្នុងគ្រឹះស្ថានរបស់ ខ្លួនមានតម្រុយបញ្ជាក់ថាជាអ្នកជំងឺដែលគេចវះពីការធ្វើចត្តាឡីស័ក ឬកំពុងគេចចេញពីកន្លែងធ្វើចត្តាឡីស័ក៕