(ភ្នំពេញ)៖ បណ្ឌិត ឆេង គីមឡុង អ្នកជំនាញផ្នែកសេដ្ឋកិច្ច វិទ្យាស្ថានចក្ខុវិស័យអាស៊ី លើកឡើងថា កម្ពុជានឹងមិនអាចសម្រេចបានកំណើនសេដ្ឋកិច្ច ៤% នៅឆ្នាំ២០២១ទេ ប្រសិនបើការផ្ទុះឡើង នៅក្នុងសហគមន៍ជាលើកទី៣ នៃ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» នេះមិនបញ្ចប់ ហើយនៅអូសបន្លាយយូរនោះ។

លោកថ្លែងបែបនេះ ធ្វើឡើងក្នុងកិច្ចសម្ភាសកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់អង្គភាពព័ត៌មាន Fresh News លើប្រធានបទ «ផលប៉ះពាល់សេដ្ឋកិច្ចនៃការផ្ទុះកូវីដ១៩ ក្នុងសហគមន៍ព្រឹត្តិការណ៍២០កុម្ភៈ»។

លោកថ្លែងបន្តថា កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២១នេះ អាចនឹងមិនបានដល់ ៤% ដូចដែលការរំពឹងទុករបស់រាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ច ព្រោះថា ប្រសិនបើព្រឹត្តិការណ៍២០កុម្ភៈនេះ នៅតែបន្តអូសបន្លាយ ហើយចំនួនឆ្លងមិនធូរស្បើយ ដែលធ្វើឲ្យមានការអាក់ខានដល់ខ្សែច្រវាក់ផលិតកម្ម និងការប្រកបរបររបស់ប្រជាជន នោះកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១នេះ អាចនឹងធ្លាក់ចុះក្នុងកំណើននៃការរំពឹងទុក៤%នេះ វាអាចកើនត្រឹម៣% វិញ។

លោកថ្លែងបន្តទៀតថា មួយវិញទៀត វាអាចធ្លាក់ចុះជាងនេះ ប្រសិនបើព្រឹត្តិការណ៍នេះ បន្តទៅពាក់កណ្ដាលឆ្នាំនេះ ហើយធ្វើឲ្យរាជរដ្ឋាភិបាលបាត់បង់សមត្ថភាពក្នុងការគ្រប់គ្រង មានន័យថា ឥទ្ធិពលនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩នេះ មានទំហំធំ និងស្មុគស្មាញ ធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២១ មានកម្រិតតិចជាងការរំពឹងទុក របស់រាជរដ្ឋាភិបាលផងដែរ។

លោកបញ្ជាក់ថា ដើម្បីស្ដារឡើងវិញ នូវស្ថានភាពក៏លំបាកនេះ រាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមធ្វើយ៉ាងណាទប់ស្កាត់ ការរីករាលដាលឆ្លងជំងឺនេះ ឲ្យស្ថិតក្នុងការគ្រប់គ្រងបាន មានន័យថា ការឆ្លងនេះមិនស្ថិតនៅក្នុងទ្រង់ទ្រាយធំ និងមិននៅក្នុងភាពស្មុគស្មាញដល់បណ្ដាលខេត្ត-ស្រុក ឃុំ-ភូមិ និងតំបន់ប្រជុំជនផ្សេងៗទៀត ដែលជាកត្តាធ្វើឲ្យផ្អាករំខានទៅដល់ធុរកិច្ច សកម្មភាពវិនិយោគ និងការរស់នៅប្រចាំថ្ងៃផងដែរ។

លោកបញ្ជាក់បន្តថា កត្តាទាំងអស់នេះហើយ ជាសកម្មភាពដែលអាចជួយជំរុញ និងជាកិច្ចការងារធំបំផុត ព្រោះការគ្រប់គ្រងនូវការឆ្លង នៃការរីករាលដាលជំងឺកូវីដ១៩នេះ គឺវាផ្ដល់ជាមូលដ្ឋាន និងផ្ដល់ជាកម្លាំងជំរុញ ដល់សេដ្ឋកិច្ចទាំងមូលបាន។ ដូច្នេះការចូលរួមពីប្រជាជន គឺសំខាន់ ហើយប្រជាជនគួរតែអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងជាពិសេសនោះ គឺដាច់ខាតត្រូវអនុវត្តនូវការណែនាំរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញមក គឺ៣កុំ និង៣ការពារ៕