Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កូរ៉េខាងជើង កាត់ទោសនិស្សិតអាមេរិក ពីបទប៉ុនប៉ងប្រឆាំងរដ្ឋាភិបាល ដោយទទួលបញ្ជាពីទីក្រុងវ៉ាស៊ីនតោន

29-02-2016 16:47

(ព្យុងយ៉ាង)៖ និស្សិតអាមេរិកមួយរូប ដែលត្រូវបានអាជ្ញាធរកូរ៉េខាងជើង ចាប់ខ្លួនកាលពីខែមករា កន្លងមកនេះ ត្រូវបានតុលាការ បញ្ជូនមកកាត់ក្តីហើយ នៅថ្ងៃចន្ទ ពីបទចោទប្រកាន់ដែលបុរសរូបនេះ បានព្យាយាមយកកម្រងពាក្យស្លោកប្រឆាំងរដ្ឋាភិបាល កូរ៉េខាងជើង ចេញពីសណ្ឋាគារមួយក្នុងរដ្ឋធានីព្យុងយ៉ាងទៅផ្សព្វផ្សាយ។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃចន្ទ ទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦។

និស្សិតអាមេរិកខាងលើនេះ មានឈ្មោះថា Otto Frederick Warmbier វ័យ ២១ឆ្នាំ បានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ ពាណិជ្ជកម្មរដ្ឋ វឺជីនីញ៉ា (Virginia) ត្រូវបានសារព័ត៌មានកូរ៉េខាងជើង ចេញផ្សាយថា បានឆ្លើយសារភាពចំពោះការ ចោទប្រកាន់ដែលថា រូបលោកគ្រោងបង្កើតគម្រោងឧក្រិដ្ឋប្រឆាំងនឹងប្រជាជន ព្រមទាំងរបបដឹកនាំកូរ៉េខាងជើង។

លោក Otto Frederick Warmbier បានអះអាងប្រាប់តុលាការកាលពីព្រឹកថ្ងៃចន្ទ នេះថា ខ្លួនគ្រាន់តែបានសរសេរពាក្យស្លោក ដែលមានន័យដាស់តឿនការស្រឡាញ់របស់ប្រជាជនចំពោះរបបដឹកនាំ កូរ៉េខាងជើង តែប៉ុណ្ណោះ នៅក្នុងសណ្ឋាគារដែលលោក ស្នាក់នៅអំឡុងពេលវិស្សមកាលនៅព្យុងយ៉ាង។

និស្សិតវ័យក្មេងបន្ថែមទៀតថា ទង្វើរបស់លោកកន្លងមកគឺបានទទួលការ ញុះញង់ពីរដ្ឋាភិបាលអាមេរិក ដែលបានសន្យាថា នឹងផ្តល់ឲ្យលោកនូវការតបស្នងប្រសិនបើប្រតិបត្តិការបានសម្រេច។ យ៉ាងណាក៏ដោយលោកបានអង្វរកសុំឲ្យ អាជ្ញាធរកូរ៉េខាងជើងលើកលែងទោស ព្រោះរូបលោកធ្វើតាមតែគេបញ្ជាប៉ុណ្ណោះ។ សម្រាប់សាលក្រមតុលាការ វិញនៅមិនទាន់ដឹងថាចេញពេលណាទេ៕