(ព្រៃវែង)៖ យោងស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ មានសភាពមិនទាន់ធូរស្រាល លោក ជា សុមេធី អភិបាលខេត្តព្រៃវែង ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២១នេះ បានចុះត្រួតពិនិត្យគោលដៅប៉ុស្ដិ៍ត្រួតពិនិត្យចំនួន៤ទីតាំងដោយផ្ទាល់ ក្នុងភូមិសាស្ត្រស្រុកពាមរក៍ ដែលរដ្ឋបាលខេត្តព្រៃវែងបានផ្អាកបណ្តោះអាសន្ននូវការចេញ-ចូល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

ទីតាំងទាំង៤នោះ គឺឃុំព្រែកខ្សោយ ១កន្លែង នៅឃុំព្រែកខ្សោយ ១កន្លែង នៅឃុំអ្នកលឿង ១កន្លែង និងនៅឃុំពាមរក៍ ១កន្លែង ដែលរដ្ឋបាលខេត្តព្រៃវែងបានផ្អាកបណ្តោះអាសន្ននូវការចេញ-ចូល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ជាពិសេសព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» ដែលនៅតែបន្តកើនឡើង។

ការចុះពិនិត្យនេះ គឺក្នុងគោលបំណងបង្កើនការរឹតបន្តឹងលើការត្រួតពិនិត្យ និងការគ្រប់គ្រងទីតាំងក្នុងគោលដៅនីមួយៗ ធានាបាននូវប្រសិទ្ធភាពនៃការចូលរួមប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល និងអនុវត្តនូវវិធានការ និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល។

ក្នុងឱកាសនេះ លោកអភិបាលខេត្តបានកោតសរសើរ និងលើកទឹកចិត្តចំពោះគណៈកម្មាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត ក្រុមគ្រូពេទ្យ ព្រមទាំងមន្ត្រី និងកងកម្លាំងក្នុងគោលដៅទាំងអស់ ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងបេសកកម្មនេះ៕