(ភ្នំពេញ)៖ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធជាមួយជនជាតិចិនម្នាក់ឈ្មោះ ពៅ ជំនិត (Pov Chumnit) រួសរាន់ទៅធ្វើតេស្តសំណាកជាបន្ទាន់ ពិសេសកុំចល័តទៅជិតអ្នកដទៃទៀតឱ្យសោះ ខណៈបុគ្គលឈ្មោះ ពៅ ជំនិត នេះ ត្រូវបានធ្វើតេស្តរកឃើញវីរុសកូវីដ១៩។

អនុគណៈកម្មការខាងលើបានបញ្ជាក់ថា ជនជាតិចិនម្នាក់ឈ្មោះ ពៅ ជំនិត នេះមានគេហដ្ឋានផ្ទះលេខ២០ ផ្លូវ R-2 ក្នុងបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ ដែលធ្វើតេស្តរកឃើញវេជ្ជមានកូវីដ១៩ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានមធ្យោបាយចេញ-ចូលអាចមានហានិភ័យឆ្លងនូវជំងឺកូវីដ-១៩។

ហេតុដូច្នេះ បុគ្គលដែលពាក់ព័ន្ធចេញចូលគេហដ្ឋានខាងលើនេះ ដូចមានភ្ជាប់ជូនជាមួយបញ្ជីភិនភាគមធ្យោបាយ (រថយន្ត ម៉ូតូ ឬម៉កកង់បី) ត្រូវរួសរាន់ទៅធ្វើតេស្តរកជំងឺកូវីដ១៩ នៅមណ្ឌលសុខភាពចាក់អង្រែក្រោម តាមម៉ោងធ្វើការរដ្ឋបាល៕