(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ បានសម្រេចឱ្យផ្អាកការរៀបចំកម្មវិធីមង្គលការ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានា ជាបណ្ដោះអាសន្នទាំងអស់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ដ្រខេត្តក្រចេះ។

ការចេញបំរាមរបស់រដ្ឋបាលខេត្តក្រចេះ បានធ្វើឡើងក្រោយប្រទេសកម្ពុជា បានផ្ទុះឡើងនូវព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» កំពុងស្ថិតនៅក្នុងស្ថានភាពមួយដែលគួរឱ្យព្រួយបារម្ភ ហើយចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅតែបន្តរកឃើញ ជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះ សូមចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលបានចេញផ្សាយជាបន្តបន្ទាប់ និងក្នុងន័យបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ កុំឱ្យរីករាលដាលចូលក្នុងសហគមន៍ នៃខេត្តក្រចេះ។

តាមរយៈលិខិតដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៥ ខែមីនានេះ លោក វ៉ា ថន បានសង្កត់ធ្ងន់ៗថា៖ «ការសម្រេចផ្អាកកម្មវិធីទាំងអស់នេះ ដោយសារតែស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ (សហគមន៍ ២០កុម្ភៈ) នៅបន្តកើនឡើងពីមួយថ្ងៃ ទៅមួយថ្ងៃដែលជាការព្រួយបារម្ភជាខ្លាំងដល់សុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ»

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តក្រចេះ បានបញ្ជាក់ថា ចំពោះបុណ្យសពអាចប្រារព្ធធ្វើជាធម្មតាតាមប្រពៃណី ប៉ុន្តែ ត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

ខាងក្រោមនេះ ជាលិខិតសម្រេចទាំងស្រុងរបស់រដ្ឋបាលខេត្តក្រចេះ៖