(សៀមរាប)៖ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នេះ លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងលោក ទៀ សីហា អភិបាលខេត្តសៀមរាប រួមដំណើរដោយលោក ចៅ ម៉ៅមុន្នី ប្រធានសាខាពន្ធដារខេត្ត និងសហការី បានចុះសំណេះសំណាលសួរសុខទុក្ខពលរដ្ឋមកពីថៃកំពុងធ្វើចត្តាឡីស័ក ក៏ដូចជាផ្ដាំផ្ញើអ្នកធ្វើចត្តាឡីស័កចប់ ហើយត្រឡប់ទៅផ្ទះវិញ។ កម្មវិធីនេះ ក៏មានវត្តមានលោកស្រី ម៉ននី រង្សី អភិបាលស្រុកក្រឡាញ់ និងលោក ឃុត សំអាត ប្រធានក្រុមប្រឹក្សាស្រុក និងសហការីផងដែរ។

ថ្លែងក្នុងពិធីនោះ ក្នុងនាមលោកអភិបាលខេត្ត, លោក ពិន ប្រាកដ បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលសហការល្អជាមួយអាជ្ញាធរដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ក្នុងការការពារ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ។

ទន្ទឹមនឹងនេះ លោកអភិបាលរងខេត្ត ក៏បានជម្រាបជូនពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះប្រជាពលរដ្ឋ។ ជាពិសេសក្នុងអំឡុងពេលនៃការការពារ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ និងបង្កើននូវការប្រុងប្រយ័ត្នខ្ពស់ កុំឲ្យមានការរីករាលដាល់នៅក្នុងសហគមន៍ ដោយអនុវត្តវិធានការអនាម័យ គម្លាតសុវត្ថិភាពបុគ្គល គម្លាតសុវត្ថិភាពសង្គម និងការរស់នៅសាមញ្ញតាមបែបគន្លងថ្មី អនុវត្តត្រឹមត្រូវខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ ៣កុំ»។

ជាមួយគ្នានេះ លោក ពិន ប្រាកដ ក៏បានយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈ និងថវិកាសម្រាប់ក្រុមការងារប្រើប្រាស់នៅក្នុងមណ្ឌលចត្តាឡីស័កស្រុកក្រឡាញ់ ដែលជាការចូលរួមរបស់ក្រុមហ៊ុន Easy Cash និងក្រុមកង់នាគព័ន្ធ រួមមាន៖ ទឹកសុទ្ធ ១០០យួរ ទឹកត្រី ៧៥យួរ ទឹកស៊ីអ៉ីវ ៧៥យួរ សាប៊ូដុំ ១កេស (៤៥ដុំធំ) ប៊ីចេង ២៥កញ្ចប់ធំ ត្រីខ ៧កេស មី ៨កេសធំ និង២កេសតូច អំបិល ការ៉ុងធំ ស្ករ ៤ការ៉ុងធំ និងថវិកាសរុប ៤៥០ដុល្លារ។

អភិបាលស្រុកក្រឡាញ់ លោកស្រី ម៉ននី រង្សី បានលើកឡើងថា គិតត្រឹមថ្ងៃទី១៤ ខែមីនា មានពលករចំនួន ៤៨៧នាក់ (ស្រី១៨៩នាក់)ហើយ ដែលបានធ្វើចត្ដាឡីស័កក្នុងមណ្ឌលចំនួន២ ដែលរៀបចំឡើងដោយរដ្ឋបាលស្រុក។

លោកស្រីបន្ថែមថា នៅថ្ងៃទី១៥ ខែមីនា នេះ ពលករចំនួន ៨០នាក់ បានបញ្ចប់ចត្ដាឡីស័ក និងសល់ ៤០៧នាក់ទៀត កំពុងបន្តចត្ដាឡីស័ក។ យ៉ាងណាក៏ដោយ លោកស្រីអភិបាលស្រុកបានឱ្យដឹងថា នៅមានពលករមកជាបន្តបន្ទាប់ទៀតនឹងត្រូវយកមកធ្វើចត្តាឡីស័ក ហើយរដ្ឋបាលស្រុករង់ចាំទទួលពួកគាត់មកធ្វើចត្ដាឡីស័កឱ្យបានគ្រប់ចំនួនថ្ងៃកំណត់។

ក្នុងគោលការណ៍ជួយប្រជាពលរដ្ឋ ក៏ដូចជាពលករ ដែលវិលត្រឡប់មកពីប្រទេសថៃក្នុងកាលៈទេសៈនេះ លោកស្រីអភិបាលស្រុកក្រឡាញ់បញ្ជាក់ថា ក្នុងនាមរដ្ឋបាលស្រុកលោកស្រី បានខិតខំផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋដែលទទួលបានប្រាក់ឧបត្ថម្ភធនពីរាជរដ្ឋាភិបាល ត្រូវលៃលកទុកខ្លះដើម្បីធ្វើទុនវិនិយោគដូចជាដាំដំណាំ និងចិញ្ចឹមសត្វ។

បន្ថែមពីនេះ ក្រោមកិច្ចផ្តួចផ្តើមពីថ្នាក់ដឹកនាំស្រុក ដោយមានការចូលរួមពីអង្គការផ្សេងៗ ក៏បានជួយឧបត្ថម្ភដល់គ្រួសារក្រ១ក្រ២ ដោយក្នុងនោះមានដាំត្រពាំងផ្អែម ចិញ្ចឹមកង្កែប និងចិញ្ចឹមក្រួចជាដើម ដែលការងារនេះបានដំណើរការរយៈពេលមួយឆ្នាំមកហើយ៕