(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្ត នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យការ និងត្រៀមរៀបចំមណ្ឌលចត្តាឡីស័ក តាមបណ្តាស្រុក និងទីតាំងសម្រាប់បូជាសព អ្នកដែលបានស្លាប់ដោយសារកូវីដ-១៩។

លោក អ៊ុន ចាន់ដា បានឱ្យដឹងថា កន្លងទៅនេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំមណ្ឌលចត្តាឡីស័ក ចំនួន២កន្លែង គឺនៅសណ្ឋាគារមេគង្គ និងនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម ដែលអាចដាក់អ្នកធ្វើចត្តាឡីស័ក បានចំនួនប្រមាណ ១,០០០នាក់ ប៉ុណ្ណោះ។ ដូច្នេះ ដើម្បីបង្ការពេលមានពលករ ឬអ្នកដែលធ្វើចត្តាឡីស័កបន្ថែមទៀត ទើបលោកបានដឹកនាំក្រុមការងារ ចុះរៀបចំនៅតាមបណ្តាស្រុកនីមួយៗ ដើម្បីត្រៀមទីតាំង សម្រាប់ធ្វើជាមណ្ឌលចត្តាឡីស័កបន្ថែមទៀត។

ទីតាំងសម្រាប់ត្រៀមរៀបចំធ្វើកន្លែងធ្វើចត្តាឡីស័កបន្ថែមទៀតនេះរួមមាន៖

*នៅស្រុកចំការលើ បានត្រៀម ៣កន្លែង ដែលអាចទទួលអ្នកធ្វើចត្តាឡីស័ក ប្រមាណ ២៥០នាក់។
*នៅស្រុកព្រៃឈរ បានត្រៀម ០១កន្លែង ដែលអាចទទួលអ្នកធ្វើចត្តាឡីស័កប្រមាណ ៦០នាក់។
*នៅស្រុកជើងព្រៃបានត្រៀម ០១កន្លែង ដែលអាចទទួលអ្នកធ្វើចត្តាឡីស័កប្រមាណ ៨០នាក់។
* នៅស្រុកបាធាយមាន០១ទីតាំង ដែលអាចទទួលអ្នកធ្វើចត្តាឡីស័កប្រមាណ ៦០នាក់។
*ស្រុកកំពង់សៀម បានត្រៀម ០១កន្លែង ដែលអាចទទួលអ្នកធ្វើចត្តាឡីស័កប្រមាណ ៥០នាក់។
*ស្រុកកងមាស បានត្រៀម ០២កន្លែង ដែលអាចទទួលអ្នកធ្វើចត្តាឡីស័ក ប្រមាណ ៧០នាក់,
*ស្រុកស្រីសន្ធរ បានត្រៀម ០១កន្លែង ដែលអាចទទួលអ្នកធ្វើចត្តាឡីស័កប្រមាណ ២០នាក់,
*ស្រុកកោះសូទិន បានត្រៀម ០២កន្លែង ដែលអាចទទួលអ្នកធ្វើចត្តាឡីស័កប្រមាណ ៣០នាក់
*និងស្រុកស្ទឹងត្រង់ បានត្រៀម ០១កន្លែង ដែលអាចទទួលអ្នកធ្វើចត្តាឡីស័កប្រមាណ២០នាក់ផងដែរ។

ជាមួយគ្នានេះដែរ លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ការរៀបចំមណ្ឌលចត្តាឡីស័កនៅតាមបណ្ដាស្រុកទាំង០៩នេះ គឺមិនយកអគារសាលារៀន ធ្វើឱ្យប៉ះពាល់ដល់សិស្សានុសិស្សដែលកំពុងរៀនសូត្រនោះទេ ពោលគឺរដ្ឋបាលខេត្តតម្រូវឱ្យយកអគារសាធារណៈផ្សេងទៀត ដើម្បីធ្វើជាមណ្ឌលចត្តាឡីស័ក ហើយបច្ចុប្បន្នមណ្ឌលទាំងនោះមានលក្ខណៈល្អប្រសើរហើយ អាចដាក់អ្នកធ្វើចត្តាឡីស័កបានប្រសិនបើ មណ្ឌលក្នុងក្រុងកំពង់ចាមលើសចំនួន។

លោក អ៊ុន ចាន់ដា បានឱ្យដឹងទៀតថា បន្ទាប់ពីចុះពិនិត្យនិងរៀបចំមណ្ឌលធ្វើចត្តាឡីស័ក លោកបានដឹកនាំក្រុមការងារ ចុះពិនិត្យកន្លែងបូជាសព អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ និងបានចុះពិនិត្យផងដែរ នូវបរិវេណដី សម្រាប់បញ្ចុះសព បងប្អូនកាន់សាសនាឥស្លាម ដែលបានស្លាប់ដោយជំងឺកូវីដ-១៩។

លោកបានគូសបញ្ជាក់ថា កន្លែងត្រៀមសម្រាប់បូជាសព១កន្លែង នៅវត្តជោតនារាមបឹងកុក ក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ទីតាំងនោះអាជ្ញាធរខេត្តអាចទទួលយកបាន នៅតែសុំការសម្រេចពីក្រសួងសុខាភិបាលប៉ុណ្ណោះ។ ដោយឡែកចំពោះបរិវេណដីសម្រាប់បញ្ចុះសព ក្នុងករណីមានបងប្អូនកាន់សាសនាឥស្លាម បានស្លាប់ដោយសារជំងឺកូវីដ-១៩ អាជ្ញាធរខេត្ត បានជ្រើសយកទីតាំងដីមួយកន្លែងមានទំហ៊ុ១ហិកតា ស្ថិតនៅក្នុងឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ដែលជាដីរបស់សហគមន៍ ហើយក៏មានបងប្អូនខ្មែរឥស្លាម រស់នៅទីនោះច្រើនផងដែរ៕